ក្រសួងសេដ្ឋកិច្ច៖ ក្នុងឆ្នាំ២០២៤ អនុវិស័យកាត់ដេររំពឹងថានឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងវិញនៃតម្រូវការសកល ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ អនុវិស័យកាត់ដេរ រំពឹងថានឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងវិញនៃតម្រូវការសកល ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។

ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣ បានឱ្យដឹងថា៖ «វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៨,៥ភាគរយក្នុងឆ្នាំ២០២៤ ពីប្រមាណ៥ភាគរយក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប»។

ខ្លឹមសារសង្ខេបនេះបញ្ជាក់ថា ការដាក់ចេញនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ២០២២-២០២៧» ក៏ត្រូវបានរំពឹងថានឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរក្នុងឆ្នាំ២០២៤។ យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។

ខ្លឹមសារសង្ខេបដដែលបន្តថា អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួនរួមមាន បន្ទះសូឡា, សំបកកង់, និងស្បែកសត្វ មានរោម ជាដើម។

ខ្លឹមសារសង្ខេបបន្ថែមថា ការដាក់ចេញនូវ «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

គេហទំព័រក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងការងារក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គេហទំព័រក្រសួងបញ្ជាក់ថា៖ «ភាគីទាំង២បានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ»។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយកម្មករនិយោជិតចំនួនជិត២ម៉ឺននាក់មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការដ៏មុតស្រួចនានា បានជំរុញស្ថានភាពសេដ្ឋកិច្ចកម្ពុជាឱ្យចាប់ផ្ដើមងើបឡើងវិញជាបណ្តើរៗ និងជំរុញឱ្យស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពធន់ និងរឹងមាំ តាមរយៈការកែសម្រួលបរិយាកាសវិនិយោគ និងការពង្រឹងគុណភាពជំនាញ និងកំណើនផលិតភាពនៃកម្លាំងពលកម្មផងដែរ។

របាយការណ៍ក្រសួងការងារបានឱ្យដឹងថា រោងចក្រ សហគ្រាសត្រូវបានពង្រាយ និងពង្រីកជាបន្តបន្ទាប់ទៅបណ្ដាខេត្តផ្សេងៗដែលក្នុងនោះចំនួនសរុបបានកើនឡើងពី៦៤រោងចក្រក្នុងឆ្នាំ១៩៩៧ ដែលមានកម្មករនិយោជិត៨ម៉ឺននាក់ ដល់ចំនួន១៧ ៦៨៤រោងចក្រសហគ្រាស គិតត្រឹមខែតុលា ឆ្នាំ២០២៣ ដែលមានកម្មករនិយោជិតសរុបប្រមាណ១,៥លាននាក់។

កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជារយៈពេល៥ឆ្នាំពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ក្នុងគោលបំណងកំណត់នូវទិសដៅអភិវឌ្ឍន៍រួម បង្កើនភាពឯករាជ្យ និងពង្រឹងភាពប៉ាន់ប្រមាណបាន និងស្ថិរភាពនៃវិស័យវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាពនិងបរិយាប័ន្ន។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំ២០២៧។

រាជរដ្ឋាភិបាលជឿជាក់ថា ការអនុវត្តយុទ្ធសាស្ត្រនេះនឹងចូលរួមចំណែកដោះស្រាយបញ្ហា ប្រឈមនៅក្នុងវិស័យនេះដែលមានចរិតជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យនេះ ក៏ដូចជាកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។

ឯកសារយុទ្ធសាស្ត្រនេះបញ្ជាក់ថា៖ «ការសម្រេចបាននូវសមិទ្ធផលនៃយុទ្ធសាស្ត្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្លាស់ប្តូរវិស័យនេះឱ្យទៅជាឧស្សាហកម្មមួយដែលមានចីរភាពបរិស្ថាន ភាពធន់ តម្លៃបន្ថែមខ្ពស់ កម្លាំងពលកម្មជំនាញ ទីកន្លែងធ្វើការសមរម្យនិងផលិតភាពខ្ពស់ សមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងខ្សែច្រវាក់តម្លៃតំបន់និងពិភពលោក បរិយាកាសធុរកិច្ចល្អ និងភាពជាដៃគូល្អរវាងភាគីរដ្ឋ និយោជក សហជីពនិងតួអង្គផ្សេងទៀត»។

យុទ្ធសាស្ត្រនេះក៏នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងនិងជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការរំពឹងទុកនិងតម្រូវការរបស់ប្រជាជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរឆ្នាំ២០៣០និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង