ប៉ូលិសក្រុងភ្នំពេញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធករណីឆបោកលុយជិតកន្លះលានដុល្លារ

ជនសង្ស័យប្រុសស្រីចំនួន០២នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនកាលពីវេលាម៉ិង១៤៖៤៥នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាង ពាក់ព័ន្ធករណីឆបោកប្រាក់សរុបចំនួន៤៧២,០០០ដុល្លារ និងឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់នេះ រួមមាន៖ ទី១-ឈ្មោះ នួន សារី ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០អា ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ យោធា។ និងទី២-ឈ្មោះ អ៊ុត យាវម៉ី ភេទ ស្រី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០A ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង