ជនមានពិការភាពជាច្រើននាក់បានលើកសំណើដូចគ្នាៗឱ្យក្រសួងសង្គមកិច្ចជួយសម្រួលដល់ពួកគេមានលទ្ធភាពច្រៀង និងលេងភ្លេងនៅតាមកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗ និងជួយសម្រួលឱ្យពួកគេបន្តច្រៀងនៅតាមភ្លើងស្តុប

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០រូប ដែលច្រៀងនៅតាមសាធារណៈ ដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើតមានចំពោះពួកគេ និងសំណូមពរផ្សេងៗ។

កិច្ចពិភាក្សារវាងក្រសួងសង្គមកិច្ច និងជនមានពិការភាពច្រៀងតាមស្តុបនៅថ្ងៃនេះ មានការចូលរួមពីឥស្សរជន និងគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា គោលបំណងនៃការអញ្ជើញបងប្អូនមកចូលរួមក្នុងកម្មវិធីសំណេះសំណាលនាពេលនេះ គឺដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើត មានចំពោះបងប្អូន និងសំណូមពរផ្សេងៗ ដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការ យកមកពិនិត្យ ពិចារណា និងចាត់វិធានការសមស្របនានា ដើម្បីឆ្លើយតបតាមតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់បងប្អូនឱ្យមានភាពល្អប្រសើរឡើង។

ឯកឧត្តម ឯម ច័ន្ទមករា បន្តថា កន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បាននិងកំពុងអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ច្បាប់ស្ដីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព ផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព និងលិខិតុបករណ៍ជាតិ និងអន្តរជាតិយ៉ាងពេញលេង ក្នុងបំណងលើកស្ទួយជីវភាពរស់នៅ លុបបំបាត់ការរើសអើង និងជំរុញការចូលរួមក្នុងសកម្មភាពសង្គមរបស់ជនមានពិការភាព។

បើតាមតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា សកម្មភាពរបស់ជនមានពិការភាពដែលបាននិងកំពុងច្រៀង លក់ដូរ និងធ្វើសកម្មភាពផ្សេងៗ នៅតាមទីសាធារណៈ គឺជាសិទ្ធិរបស់ពួកគេ តែទង្វើបែបនេះបានធ្វើឱ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ថ្លែងឱ្យដឹងថា បញ្ហាដែលរាជរដ្ឋាភិបាលខ្វល់ខ្វាយនោះគឺ ទី១-ស្ថានភាពសុខភាព ទី២-គ្រោះថ្នាក់ចរាចរណ៍ ទី៣-សេចក្ដីថ្លៃថ្នូរ និងទី៤-កិត្តិយសជាតិ។

ឯកឧត្តមថ្លែងថា៖ «ដូចបងប្អូនបានដឹងហើយថាប្រទេសយើងមានអាកាសធាតុប្រែប្រួលមិនទៀង ពេលខ្លះក្ដៅខ្លាំង មានភ្លៀង ខ្យល់កន្ត្រាក់ រន្ទះ ដែលទាំងនេះអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពបងប្អូន។ នៅតាមផ្លូវសាធារណៈ និងភ្លើងស្តុបនានាសម្បូរទៅដោយយានយន្តធ្វើចរាចរណ៍យ៉ាងមមាញឹកហើយមានពេលខ្លះ ការបើកបរមានការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត របួសស្នាម ឬធ្វើឱ្យមានពិការភាពផ្សេងទៀត»។ ឯកឧត្តមបន្តថា៖ «ផ្នត់គំនិតរបស់ប្រជាជនយើងអាចវាយតម្លៃថាសកម្មភាពរបស់បងប្អូន គឺជាការសុំទានដែលមិនមែនជាសកម្មភាពលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូរបស់បងប្អូន ដែលផ្ទុយពីប្បញ្ញត្តិនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព និងច្បាប់ជាតិរបស់យើង ហើយសកម្មភាពរបស់បងប្អូននៅតាមទីសាធារណៈមិនបានជួយលើកមុខមាត់ប្រទេសជាតិយើងឡើយ តែវាបានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ហើយប៉ះពាល់ដល់វិស័យទេសចរណ៍យើងផងដែរ»។

ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី បានលើកឡើងថា បើសិនពលរដ្ឋជនមានពិការភាពចង់បានបណ្ណពិការភាព គួរត្រទ្បប់ទៅស្រុកកំណើតដែលមានទីលំនៅដ្ឋាន ដើម្បីអាចធ្វើអត្តសញ្ញាណបណ្ណបាន ដោយទ្បែកចំពោះស្នាក់នៅរាជធានីភ្នំពេញ លុះត្រាតែមានទីលំនៅ។

ជនមានពិការភាពជាច្រើននាក់បានលើកសំណើដូចគ្នាៗ ដោយស្នើឱ្យក្រសួងសង្គមកិច្ចជួយសម្រួលដល់ពួកគេមានលទ្ធភាពច្រៀង និងលេងភ្លេងនៅតាមកម្មវិធីមង្គលការ និងកម្មវិធីផ្សេងៗ និងជួយសម្រួលឱ្យពួកគេបន្តច្រៀងនៅតាមភ្លើងស្តុប ហើយស្នើឱ្យក្រសួង ពិនិត្យមើលលទ្ធភាពដល់បងប្អូនមានពិការភាពបានចូលក្របខណ្ឌរដ្ឋ។

អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ចាប តូ បានលើកទឹកចិត្តដល់បងប្អូនមានពិការភាព ក្រៅពីច្រៀងតាមភ្លើងស្តុប គួរស្វែងរកមុខរបរសមរម្យណាមួយ ដោយរកកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។

ជាការឆ្លើយតប តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា នឹងយកទៅពិនិត្យ និងសិក្សាអំពីអាទិភាព និងលទ្ធភាពណាមួយ ដើម្បីធ្វើយ៉ាងណាជួយបងប្អូនមានពិការភាពមានជីវភាពល្អប្រសើរទ្បើងវិញ។ឯកឧត្ដមបន្តទៀតថា រាជរដ្ឋាភិបាលមានគោលនយោបាយផ្តល់របបឧបត្ថម្ភជូនដល់បងប្អូនមានពិការភាព ប៉ុន្តែពុំអាចជួយបានគ្រប់គ្រាន់នោះទេ ក្នុងនោះលោកនឹងពិនិត្យទៅលើការកែសម្រួលលិខិតបទដ្ឋាន ដើម្បីបង្កើនរបបឧបត្ថម្ភដល់បងប្អូនមានពិការភាពបន្ថែមស្របតាមសេដ្ឋកិច្ច និងតម្រូវការបច្ចុប្បន្ន។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តឱ្យជនមានពិការភាពរកប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុចំណាន ដែលមិនមានការយកការប្រាក់ ដើម្បីជាដើមទុនក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់យោបល់ថា ចំពោះជនពិការភាពណាដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឯកឧត្តមនឹងរៀបចំយន្តការ និងយុទ្ធសាស្ត្រ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាជូនបងប្អូនមានពិការភាពទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង