ក្រសួងសាធារណការបានរៀបចំកំណែទម្រង់ដោយមានផែនការអាទិភាពចម្បង២ចំណុចធំៗ អមដោយយន្តការសម្រាប់អនុវត្តចំនួន ៤ចំណុចផ្សេងទៀត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិកកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ស្របជាមួយនោះ ក្រសួងក៏បានរៀបចំកំណែទម្រង់ដោយមាន ផែនការអាទិភាពចម្បង២ចំណុចធំៗ អមដោយយន្តការសម្រាប់អនុវត្តចំនួន៤ចំណុចផ្សេងទៀត រួមមាន៖ *១៖ ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងអភិវឌ្ឍន៍ធនធានមនុស្ស, *២៖ ពិពិធកម្មនៃប្រភពធនធានថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា, *៣៖ ពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និង*៤៖ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការងារ ដល់មន្ត្រីមានស្នាដៃ និងបានផ្តល់ជូននូវសម្ភារ ផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន មួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង