ក្រសួងព័ត៌មាននឹងពង្រឹងលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មានដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា បានអះអាងថា ក្រសួងព័ត៌មាននឹងធ្វើការពង្រឹងលើកិច្ចការងារ បណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា។

ការជំរុញរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ធំ និងអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា រួមទាំងបានដឹកនាំកិច្ចប្រជុំពង្រឹងការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងព័ត៌មានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់។

ជាមួយនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឲ្យបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗដែលកើតមានឡើងជា យថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីឲ្យដើរតូនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន។  ឯកឧត្តមក៏បានជម្រុញឲ្យមន្ទីរព័ត៌មានត្រូវបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួសមន្រ្តីដែលចូលនិវត្តន៍។ ធ្វើយ៉ាងណាធានាឲ្យបាននូវលំហូរព័ត៌មាន ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តកំពង់ធំ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានណែនាំដល់អ្នកសារព័ត័មាន ត្រូវពង្រឹងក្រមសីលធម៍វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ព្រោះថាខ្លឹមសារព័ត៌មាន គឺជាចំណុចសំខាន់នាពេលបច្ចុប្បន្ននេះ។

ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ មិនលំអៀង ចៀសវាងការយកនូវមុខរបរវិជ្ជាជីវៈសារព័ត៌មាន ទៅធ្វើអាជីវកម្ម ឬទៅទាញយកផល ចំណេញដែលខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង