Breaking News: នៅទីបំផុត, នាយករដ្ឋមន្ត្រីកម្ពុជាដកដំណែងលោក ឈឺន សុធន ពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋហើយ

ភ្នំពេញ៖ នៅទីបំផុត, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក ឈឺន សុធន ចេញពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ។ នេះបើយោងតាមអនុក្រឹត្យដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

*នៅក្នុងមាត្រា១ សម្រេចផ្ទេរភារកិច្ចលោក ឈឺន សុធន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

*នៅក្នុងមាត្រា២ សម្រេច តែងតាំងលោក សំអឿន សុបញ្ញា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

គួររំលឹកថា លោក ឈឺន សុធន ធ្លាប់ត្រូវបាន​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជា​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣​ បានចេញលិខិតព្រមាន និងប្រាប់ឱ្យលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាត​ឱ្យលោកស្រី វន់ ឈើវិនគី​អាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់​។ ករណីទិញលក់ដីរដ្ឋ មានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ​។

នៅក្នុងលិខិត ​លោកទេស​រដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានតម្រូវឲ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវែង បើកទំនប់ទឹកពីឆ្មាំយាមទំនប់ ដំណើរការបើកទឹក​ ពង្រឹងបង្អោក​ទឹកក្នុងទំនប់​ ​ដើម្បីធ្វើការវាស់វែង​ដី​យកលក់ ត្រូវបញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះ មកឲ្យសាលាស្រុកបសេដ្ឋ រក្សាទុក​។

នៅក្នុងលិខិតបានបញ្ជាក់ច្បាស់ៗថា «អង្គភាពប្រឆាំងអំពើពុករលួយ សុំឱ្យលោកអភិបាលស្រុក ចាត់ចែងចំពោះមុខនេះ ដើម្បីបញ្ឈប់នូវសកម្មភាពទាំងពីរខាងលើនេះ ជាបន្ទាន់ ព្រោះទង្វើនេះ បានប៉ះពាល់យ៉ាងខ្លាំង​ដល់ការស៊ើបអង្កេត​របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីនេះ»។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា «ក្នុងករណីលោកអភិបាលស្រុក មិនព្រម​បញ្ឈប់នូវសកម្មភាពទាំង ២នេះ ឬសកម្មភាពទាំង២ នៅតែបន្ត​អនុវត្ត តាមមាត្រា២៦ (បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ) នៃច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធ ឲ្យផ្អាកជាបណ្ដោះអាសន្ននូវ​មុខងាររបស់លោក​អភិបាលស្រុក»៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង