ព្រះករុណា ព្រះមហាក្សត្រ បង្ហាញក្តីសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិ នឹងនៅស្ថិតស្ថេរដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អបំពេញភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗ ទៀតសម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៃរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរដែលជាស្នាព្រះ ហស្ថ និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមានតម្លៃជាសាកលពិតប្រាកដ ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតដ៏ស្អិតរមួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនដែលផ្ដើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានាទាំងជាតិ និងអន្តរជាតិជាពិសេសប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង