ព្រះមហាក្សត្របានលើកទឹកចិត្តឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជាតាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេសជប៉ុន
ព្រះមហាក្សត្រក្នុងឱកាសយាងជាព្រះរាជាធិបតីភាពនាព្រះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានលើកទឹកចិត្ត ឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជាតាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិនិងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ១០ឆ្នាំទៅមុខទៀតនៃយន្តការ អាយ ស៊ី ស៊ី (ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យបេតិកភណ្ឌវប្បធម៌។
ក្នុងឱកាសយាងជាព្រះរាជាធិបតីភាពនាព្រះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកលវិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវការគាំទ្រក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវបណ្តុះបណ្តាលក្នុងរមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្ររហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត។
ជាមួយគ្នានេះព្រះករុណា សង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះនឹងនៅស្ថិតស្ថេរដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នវប្បធម៌កម្ពុជាផ្សេងៗទៀតអាចនឹងបន្តដំណើរការល្អបំពេញភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត៕