នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ” នាព្រឹកនេះ
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ” នាព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
បើតាមប្រភពព័ត៌មានពីតេលេក្រាមសម្តេចធិបតីបានឲ្យដឹងថា អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃនេះ មានទំហំ១៥៣ម៉ែត្រ គុណនឹង ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចផ្ទុករថយន្តបានចំនួន ៣៣០គ្រឿង។
ប្រភពដដែលបានបន្តថា អគារនេះ មានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា៕