សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋបាលរាជធានីខេត្តត្រូវខិតខំអភិវឌ្ឍន៍ខេត្ត រួមទាំងការទាក់ទាញវិនិយោគ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើឲ្យរដ្ឋបាលរាជធានីខេត្ត ត្រូវខិតខំអភិវឌ្ឍន៍ខេត្តរួមទាំងការទាក់ទាញវិនិយោគមកក្នុងខេត្តតាមរយៈយន្តការដូចជាអនុគណៈកម្មការវិនិយោគរាជធានីខេត្ត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កិច្ចការងារនេះ សម្តេចឃើញបណ្តាខេត្តមួយចំនួនមានសកម្មភាពដែលបានចាប់ដៃគូជាមួយនឹងក្រៅប្រទេសផងនៅខាងក្នុងប្រទេសដើម្បីទាក់ទាញការវិនយោគមកអភិវឌ្ឍខេត្ត ដែលកិច្ចការងារនេះត្រូវប្រកួតប្រជែង។ សម្តេចបន្តថាទៅមុខទៀតរាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពក្នុងការបង្កើនសិទ្ធិ និងលទ្ធភាពរបស់រាជធានីខេត្តក្នុងការទាក់ទាញ និងការសម្រេចទៅលើកិច្ចការវិនិយោគ ។
សម្តេចបន្តថាបច្ចុប្បន្នបើកសិទ្ធិឲ្យគម្រោងត្រឹម៥លានដុល្លារដល់ខេត្តសម្រេចអញ្ចឹងពិនិត្យវាយតម្លៃមើលថាកន្លែងណាត្រូវផ្ដល់សិទ្ធិបន្ថែមលើការងារគ្រប់គ្រង។ ប៉ុន្តែខេត្តត្រូវតែធានារៀបចំផ្ទះរបស់ខ្លួនឯងឲ្យស្អាត ព្រោះយកសិទ្ធិទៅហើយត្រូវមានសមត្ថភាពធានាថាខ្លួនអាចធ្វើបាន ។
សម្តេចធិបតីបន្តថា ថ្នាក់ជាតិមានភារកិច្ចការបាញ់ឆ្ពោះទៅមូលដ្ឋានគឺពង្រឹងសមត្តភាព និងការត្រៀមលក្ខណៈរបស់ថ្នាក់ក្រោមជាតិដើម្បីធ្វើកិច្ចការនេះដើម្បីថ្នាក់ជាតិផ្ទេរសិទ្ធិទៅជាបន្តបន្ទាប់៕