តើអ្វីទៅជា«ទឹកភ្នែកអ្នកស្លាប់» ហេតុអ្វីបានជាលោកមេធាវី សាន សុផា លើកឡើងដូច្នេះ?
បើតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកមេធាវី សាន សុផា ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ទឹកភ្នែកអ្នកស្លាប់! ឆ្នាំទៅអ្នកមីងមកពឹងពាក់លោកមេធាវីទាំងឈឺ ដេីម្បីសុំឱ្យជួយការពារដីរបស់មីង។
លោកមេធាវី សាន សុផា បានបន្តថា សុំទោសអ្នកមីងដែលលោកមិនអាចជួយបញ្ចប់វិវាទដីធ្លីជូនមីងមុនពេលមីងបិទភ្នែក ព្រោះភាគីម្ខាងទៀតជាខ្មោចដែរសល់តែអ្នកកាង។ ឥឡូវកូនៗមីង ជាអ្នកបន្តវេនការពារដីរបស់អ្នកមីង។ ដោយស្មោះត្រង់ វិវាទដីមីង និងប្រជាពលរដ្ឋផ្សេងទៀតរកមុខអ្នកប្តឹងឱ្យជាក់លាក់អត់មានទេ ព្រោះលោកមិនដែលជួប ហេីយក៏គ្មានអាជ្ញាធរណាចេញមុខមកដោះស្រាយឱ្យដែរ (បេីមានចេញមុខបង្ហាញកំណត់ហេតុប្រជុំ ឬរបាយការណ៍ដោះស្រាយវិវាទដី ករណីនេះចេញមក ក្នុងរយៈពេលជិត ០៥ឆ្នាំកន្លងមកនេះ ខណៈប្រជាជនពឹងលោក ១១ខែ ហេីយតវ៉ាគ្រប់ច្រក គាំងដដែល។ ) មិនដែលជួបភាគីវិវាទម្ខាងទៀត (រកអាសយដ្ឋាន និងអត្តសញ្ញាណជាក់លាក់អត់បាន) ឃេីញតែឈ្មោះអ្នកកាងជំនួស។
លោកមេធាវី សាន សុផា បន្តទៀតថា លោកគ្រាន់តែនិយាយការពិតទេ បេីអ្នកពាក់ព័ន្ធខឹងនឹងលោក លោកគ្មានជម្រេីសទេ។
លោកមេធាវីបន្ថែមទៀតថា លោកបានបួងសួងសុំដួងព្រលឹងអ្នកមីងឱ្យចេញមកលង អ្នកដែលមានតួនាទីដោះស្រាយឱ្យចេញមកដោះស្រាយបញ្ចប់កុំទុកចោល អាណិតទឹកភ្នែកខ្មោច។ រឿងនេះមិនឋិតក្នុងនីតិវិធីតុលាការទេ កុំច្រឡំ។
លោកមេធាវី សាន សុផា បន្តទៀតថា លោកបានធ្វេីដំណេីរជាង៤០០ គីឡូតិ៍ម៉ែត្រទៅបុណ្យ និងចូលបច្ឆ័យ ១៥ម៉ឺនរៀល។ កាលអ្នកមីងមកពឹងលោក លោកមិនបានយកថ្លៃសេវាពីអ្នកមីង និងប្រជាពលរដ្ឋផ្សេងទៀតទេ។ គ្រាន់តែបងប្អូនធ្លាប់រៃអង្គាសថ្លៃសាំងនិងថ្លៃចំណាយពេលលោកទៅម្តងៗ តែសរុបទៅភាគច្រេីនបានប្រហាក់ប្រហែល៦០ ទៅ៧០% ប៉ុណ្ណោះ កម្ររួចខ្លួនណាស់៕