លោកស្នងការ សិទ្ធិ ឡោះ បញ្ជាឲ្យកម្លាំងចុះបង្ក្រាបទីតាំងខារ៉ាអូខេ «SKY KTV» នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រុសស្រី១០៧នាក់

ទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «SKY KTV» ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបើកប្រតិបត្តិការចុះបង្ក្រាបបន្ទាប់ពីសង្ស័យថាមានពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការដ៏ក្ដៅគគុកខាងលើ កម្លាំងនគរបាលខេត្ដបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០៧នាក់ ក្នុងនោះជនបរទេស៤២នាក់។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី៧នាក់ រួមមាន៖ ឥណ្ឌូនេស៉ី ចំនួន២១នាក់, វៀតណាម ចំនួន១៥នាក់, ចិន ចំនួន៣នាក់, ថៃ ចំនួន៣នាក់។ ក្រៅពីនេះ ដកហូតបានម្ស៉ៅក្រាមពណ៌សថ្លា ចំនួន៦កូនថង់ និង១កូនថង់តូច, ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ១កញ្ចប់, ពណ៌លឿង ១០កញ្ចប់, ពណ៌ទឹកក្រូច ១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (LV) ១កញ្ចប់។

ទីតាំងខារ៉ាអូខេ «SKY KTV» ត្រូវបានបិទបណ្តោះអាសន្ន រីឯជនសង្ស័យប្រុស ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង