ប៉ូលិសមហាផ្ទៃបង្ក្រាបមុខសញ្ញាកាច់កម៉ូតូបាន២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យបានស្រាវជ្រាវបង្ក្រាបជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពកាច់កម៉ូតូ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយបង្ក្រាបបានជនសង្ស័យទាំង០២នាក់នេះ កម្លាំងការិយាល័យជំនាញបានបន្ដឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាអ្នកទទួលទិញផលចោរកម្ម។

ជនសង្ស័យទាំង០៣នាក់រួមមាន៖ទី១៖ ឈ្មោះ កុយ ករុណា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទទួលផលចោរកម្ម) ទី២៖ ឈ្មោះ សេង វិឆ័យ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងទី៣៖ ឈ្មោះ ចក់ ពេទ្យ អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដកហូតបាន ទុលវីស១, សោលេខ១០ ចំនួន១, សោកាច់អស្សរL ចំនួន០៧, សោកាច់អស្សរT ចំនួន០១, ស្លាកលេខម៉ូតូ ចំនួន ០១, ម៉ូតូចំនួន០២គ្រឿង (ម៉ាក HONDA SCOOPY និងម៉ាក HONDA BEAT)។ ម៉ូតូ HONDA BEAT ត្រូវបានកម្លាំងជំនាញប្រគល់ជូនម្ចាស់ដើមវិញ។

ដោយឡែក ម៉ូតូ HONDA SCOOPY ស្វែងរកម្ចាស់មិនទាន់ឃើញនោះទេ ក្នុងករណីប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូភិនភាគដូចរូប សូមទំនាក់ទំនងមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមដើម្បីផ្ទៀងផ្ទាត់។ (ទំនាក់ទំនងទូរស័ព្ទលេខ +855 92 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ)។

បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង