នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញអនុសាសន៍៥ចំណុច ដល់បណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ អនុវត្តន៍តាមឱ្យមានប្រសិទ្ធភាព
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ចេញ នូវអនុសាសន៍សំខាន់ៗចំនួន ៥ចំណុច ដល់បណ្តាអង្គភាពទាំងអស់នៃកងយោធពលខេមរភូមិន្ទ អនុវត្តន៍តាមឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា រួមមាន៖
*ទី១៖ កងទ័ពត្រូវតែជាកងទ័ព ដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពនូវរាល់បទបញ្ញត្តិ សារាចរណ៍ណែនាំលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិតដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។
*ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កម្លាំងធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាពពោល គឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខាយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើមឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។
*ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិឱ្យមានប្រសិទ្ធភាព ជាពិសេសអង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើតជំនាញដល់យោធិនឱ្យស្របទៅតាមភារកិច្ច។
*ទី៤៖ សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ។
*ទី៥៖ សូមអង្គភាពទាំងជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជាការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ ធានផាសុកភាព សុខុមាលភាព ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
នាឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពកងទ័ព ដើម្បីពង្រឹងកិច្ចការពារជាតិ ដោយនឹងធ្វើទំនើបកម្មលើកិច្ចការចំនួន ៣ក្នុងវិស័យការពារជាតិ រួមមាន ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។
សម្តេចធិបតីបានបង្ហាញនូវក្តីសង្ឃឹមថា កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិទាំងមូល នឹងយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍ឱ្យបានគត់មុត នូវបេសកកម្មការពារជាតិ ដែលកំណត់ដោយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា៕