ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បើកកិច្ចប្រជុំដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតនូវរាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសការទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ និងបទល្មើសនេសាទ
អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្ដីអំពីការទប់ស្កាត់ និងបង្ក្រាបឲ្យបានជាដាច់ខាតនូវរាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសការទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ និងបទល្មើសនេសាទ និងបានដាស់តឿនមិនឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការទាំងអស់ពាក់ព័ន្ធនូវរាល់បទល្មើសទាំងអស់ខាងលើនេះឡើយ ប្រសិនបើមានមន្ត្រីណាពាក់ព័ន្ធនឹងត្រួវដាក់ទោសតាមច្បាប់។
ក្នុងកិច្ចប្រជុំនោះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងឆ្នាំ២០២៣នេះ កើតមានបទល្មើសការឈូសឆាយដីព្រៃលិចទឹកតំបន់៣របស់រដ្ឋចំនួន២ករណីធំៗ លើផ្ទៃដីជាង២០០ហិកតា នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង។ លោកបានបញ្ជាក់ជូនអង្គប្រជុំថា ក្នុងករណីខាងលើនេះក៏មានមន្ត្រីស្រុកកំពង់លែងបានរត់ការដោះស្រាយរឿងនេះជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ជាមួយនោះលោកប្រធានមន្ទីរកសិកម្មក៏បានសំណូមពរយ៉ាងទទូចដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធ មេត្តាធ្វើយ៉ាងណាជួយរឹតបន្តឹងផ្នែកច្បាប់ ដើម្បីឲ្យជនល្មើសរាងចាល ទើបអាចកាត់បន្ថយបាននូវសកម្មភាពបទល្មើសខាងលើនេះ។
លោកប្រធានមន្ទីរបន្តថា បទល្មើសការទន្ទ្រានឈូសឆាយដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ លោកនឹងមិនអនុញ្ញាតឲ្យធ្វើតាមអំពើចិត្តបានឡើយ ទោះបីជាអ្នកនោះមានឋានៈប៉ុណ្ណាក៏ដោយ ព្រោះដីតំបន់៣ជាង៤ម៉ឺនហិកតានៅក្នុងខេត្តកំពង់ឆ្នាំងបានចុះបញ្ជីជាទ្រព្យរដ្ឋ និងមានប្លង់រឹងរួចហើយ មិនអាចមន្ត្រីណា ឬបុគ្គលណាថ្លើមធំហ៊ានបំពានបានជាដាច់ខាត។ លោកក៏បានសំណូមពរដល់បណ្តាអង្គភាពនៅក្នុងខេត្តទាំងអស់មេត្តាជួយសហការ និងផ្ដល់ព័ត៌មានពាក់ព័ន្ធអំពីបទល្មើសការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋ ក៏ដូចជាបទល្មើសនេសាទមកកាន់មន្ត្រីជំនាញរបស់លោក លោកនឹងសហការជាមួយគណៈបញ្ជាការឯកភាពតាមបណ្ដាស្រុកចុះធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលា។លោកបន្ថែមថា ចំពោះបទល្មើសនេសាទកន្លងមក មន្ត្រីជំនាញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគ្រប់ស្រុកបានសហការចុះបង្ក្រាបជាមួយមន្ត្រីជំនាញជាប្រចាំ ដោយពិនិត្យឃើញថាបទល្មើសបានថយចុះច្រើន ប៉ុន្តែក៏នៅតែកើតមានជាបន្តបន្ទាប់។ ចំពោះបទល្មើសដាក់សម្រាស់វិញ លោកមានវិធានការបង្ក្រាបមិនឲ្យកើតមាននៅក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងបានផងដែរ។
ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ឯកឧត្តមសូមគាំទ្រនៅការលើកឡើងរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត លោកសំណូមពរដល់មន្ត្រីជំនាញត្រូវសហការជាមួយស្នងការនគរបាលខេត្ត និងស្ថាប័នតុលាការខេត្តមានចំណាត់ការជាបន្ទាន់ ករណីដែលមានបទល្មើសឈូសឆាយទន្ទ្រានយកដីតំបន់៣របស់រដ្ឋ និងបទល្មើសនេសាទធំៗដែលមានអ្នកកាងនៅពីក្រោយខ្នងត្រូវស្រាវជ្រាវ និងវែកមុខរកអ្នកដែលនៅពីក្រោយយកមកផ្ដន្ទាទោសឲ្យបានម៉ឺងម៉ាត់ ទើបអាចកាត់បន្ថយនូវសកម្មភាពបទល្មើសទាំងអស់ខាងលើនេះបាន។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានកាត់ឈ្វៀលដីតំបន់៣ដែលធ្លាប់អាស្រ័យផលជូនពួកគាត់នៅឃុំផ្លូវទូក និងឃុំសំរោងសែន គឺរដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ជាតិរួចហើយ។ អាចក្នុងអំឡុងខែធ្នូ ថ្នាក់ជាតិនឹងសម្រេច ហើយគណៈកម្មការថ្នាក់ខេត្តនឹងកាត់ឈ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋដែលមិនទាន់ទទួលបានការកាត់ឈ្វៀលដីជូនក្នុងឃុំទាំង២ខាងលើ។ ដូច្នេះសូមអាជ្ញាធរឃុំស្រុកទប់ស្កាត់ និងមានវិធានការជាបន្ទាន់និងឱ្យមានប្រសិទ្ធភាពចំពោះជនណាដែលលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដីតំបន់៣របស់រដ្ឋក្នុងខេត្តចាប់ពីរដូវប្រាំងឆ្នាំនេះទៅ ដោយឡែកអ្នកដែលបានឈូតឆាយយកដីព្រៃលិចទឹករបស់រដ្ឋកន្លងមកត្រូវដកហូតមកជាសម្បត្តិរដ្ឋវិញ៕