ប៉ូលិសគ្រឿងញៀនបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការបង្ក្រាបនេះអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិដឹកនាំបញ្ជាដោយឯកឧត្ថមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ក្រុមឧក្រិដ្ឋជនទាំង៣នាក់ និងវត្ថុតាងត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
បើតាមប្រភពបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់រួមមាន៖ ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិ ឡាវ កើតឆ្នាំ១៩៨៨, ២.ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ កើតឆ្នាំ១៩៩៩ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ កើតឆ្នាំ២០០៥។ វត្ថុតាងចាប់បានរួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ១០១កញ្ចប់ ស្មើទម្ងន់ ១០១គក្រ ៤៤៩.២០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។
សូមជម្រាបថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំ ដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ដោយករណីបទល្មើសគ្រឿងញៀនធំៗ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។
គួរបញ្ជាក់ថា នៅក្នុងសប្តាហ៍ចុងក្រោយនេះ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីធំៗ មិនតិចជាង៣ករណីទេ ដកហូតបានគ្រឿងញៀនខ្ទង់រយគីឡូក្រាម៕