ពិធីបុណ្យអុំទូក២ថ្ងៃនៅខេត្តកំពតទទួលបានភ្ញៀវទេសចរ៥២ម៉ឺននាក់
ខេត្តកំពតបានរៀបចំពិធីបុណ្យអុំទូករយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០, ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលបានភ្ញៀវទេសចរសរុបប្រមាណ៥២០,០០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន១,៣៧៥នាក់។ នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។
លោកប្រធានមន្ទីរបានបន្តថា នៅថ្ងៃទី១ ភ្ញៀវសរុបចំនួន២៥០,០០០នាក់ (ភ្ញៀវអន្តរជាតិ ៦១៥នាក់) និងនៅថ្ងៃទី២ ភ្ញៀវសុបចំនួន២៧០,០០០នាក់ (ភ្ញៀវអន្តរជាតិ ៧៦០នាក់)។
លោកប្រធានមន្ទីរបន្តទៀតថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះ រដ្ឋបាលខត្តបានខិតខំរៀបចំកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ ការរៀបចំពិធីប្រកបដោយភាពទាក់ទាញញាំងឲ្យមានភាពសប្បាយរីករាយ និងការចូលរួមគាំទ្រពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
បើតាមលោក សយ ស៊ីណុល ការងារបដិសណ្ឋារកិច្ច ការគ្រប់គ្រងបរិស្ថាន អនាម័យចំណីអាហារ តម្លៃចំណីអាហារត្រូវបានពង្រឹង និងគ្រប់គ្រងយ៉ាងល្អប្រសើរ។
លោកបន្តថា ក្នុងពិធីខាងលើ សមត្ថកិច្ចពាក់ព័ន្ធក៏បានខិតខំសហការពង្រឹងគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ដោយរលូនប្រកបដោយជោគជ័យ៕