រដ្ឋមន្ត្រីមហាផ្ទៃ ស សុខា និងលោកជំទាវអញ្ជើញដង្ហែកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃចំនួន៤វត្ត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះអស់កាលត្រីមាសចំនួន៤វត្ត នៅវត្តគិរីរុក្ខារាម (ថ្មរមៀល) ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អង្គពិធីដោយមានការអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ។
ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្ត វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត រួមមាន៖ *១~វត្តគិរីរុក្ខារាម (ថ្មរមៀល) ភូមិថ្មរមៀល, *២~វត្តគិរីរុក្ខារាម ធ្លក ភូមិធ្លក, *៣~វត្តប្រាសាទារាម (ប្រាសាទត្បែង) ភូមិប្រាសាទត្បែង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក, *៤~វត្តគិរីធម្មបទខ្លាកូនថ្មី ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណផងដែរ។
*គួរជម្រាបជូនថា បុណ្យកឋិនគឺជាបុណ្យមួយរបស់ព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។ អាចនិយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើមធ្វើបុណ្យកឋិន នៅក្រោយថ្ងៃចេញព្រះវស្សា។ ការចូលព្រះវស្សារបស់ព្រះសង្ឃ មានរយៈពេល៣ខែ។
*កឋិនកាល គឺជារដូវដែលប្រជាពុទ្ធបរិស័ទ នាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម ទៅប្រគេនព្រះសង្ឃ។ បច្ចុប្បន្ន គេ ឃើញពុទ្ធបរិស័ទ មិនត្រឹមតែប្រគេនចីវរទេ នៅប្រគេនទេយ្យទានផ្សេងៗទៀត ដូចជា គ្រឿងបរិភោគ និង ថ្នាំសង្កូវ ជាដើម រួមទាំងបច្ច័យផងដែ។
*បើតាមព្រះវិន័យ វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។ បុណ្យនេះ មិនត្រឹមតែជាបុណ្យបែបព្រះវិន័យទេ តែថែមទាំងក្លាយជាបុណ្យប្រពៃណីខ្មែរផងដែរ។
*ទោះបីជាវត្តមួយ មិនត្រូវបានអនុញ្ញាតឲ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ វត្តខ្លះ អាចមានកឋិនច្រើនហែចូល ដោយមានម្ចាស់ផ្សេងៗគ្នា តែពិធីនេះដាច់ខាត ត្រូវរៀបចំយ៉ាងណាឲ្យចំថ្ងៃជាមួយគ្នា ដោយមិនអាចខុសថ្ងៃគ្នាបានឡើយ។ និយាយឲ្យស្រួលស្តាប់ គឺ ក្នុងមួយវត្តអាចមានកឋិនប៉ុន្មានក៏បានដែរ តែត្រូវប្រារព្ធឡើងជាមួយគ្នាក្នុងថ្ងៃតែមួយ។
*ចំពោះអ្វីដែលគួរឲ្យកត់សម្គាល់នោះ បុណ្យកឋិន មិនត្រឹមតែទាយក ទាយិកានោះទេ ដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់ ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់បុណ្យកឋិនបានដែរ៕