អភិបាលខេត្តកំពង់ស្ពឺបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់

អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធខ្មាន់កាំភ្លើងដែលបាញ់បោះសេរីនៅលើភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលក្រុមជនបង្កត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាន។

ទាក់ទិនករណីខាងលើនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំមានការភិតភ័យករណីដែលបានកើតឡើងនេះ ខណៈកម្លាំងសមត្ថកិច្ចកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។

គួររំលឹកថា គ្រាប់កំាភ្លើងមិនតិចជាង២០០គ្រាប់ទេដែលត្រូវបានខ្មាន់កាំភ្លើងបាញ់នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ចំការតែ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅលើខ្នងភ្នំគិរីរម្យ ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រមាណ ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។

ករណីបាញ់បោះខាងលើ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺបានបញ្ជាឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវតាមនីតិវិធីជាបន្ទាន់ចំពោះជនបង្ក។ នៅរសៀលថ្ងៃនេះ លោកព្រះរាជអាជ្ញា បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង និងមានវិធានការបន្តទៀត។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងជំនាញបានបង្កើតគណៈកម្មការដោយមានការចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណីបាញ់បោះសេរីកាលពីថ្ងៃទី១១ ខែវិច្ឆិកា។

បើតាមរបាយការណ៍រប​ស់អធិការ, លោក សេ ចូច អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ដែលជាអ្នកចាំដីផ្ទះចំណុចកើតហេតុ បានប្រាប់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២:០០នាទីឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង