ប៉ូលិសខេត្តកំពតបង្ក្រាបបានជនល្មើសម្នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនៅស្រុកកំពង់ត្រាចលើអ្នកលក់ចាប់ហ៊ួយ ខណៈគូកនម្នាក់បានកំពុងរត់គេចខ្លួន

កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពតបង្ក្រាបបានជនល្មើសម្នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនៅស្រុកកំពង់ត្រាច កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លើអ្នកលក់ចាប់ហ៊ួយ ខណៈគូកនម្នាក់បានកំពុងរត់គេចខ្លួន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃមេះបានឲ្យដឹងដែរថា លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរីទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងអំណរគុណដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច និងផែននគរបាលព្រហ្មទណ្ឌដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរង បានសហការយ៉ាងល្អក្នុងការបំបែករណីប្លន់ប្រដាប់អាវុធនៅស្រុកកំពង់ត្រាច កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លើអ្នកលក់ចាប់ហ៊ួយ។

លោកស្នងការបានបន្តថា លើករណីនេះ យើងបានប្រើពេល១០ថ្ងៃ ទើបឃាត់ខ្លួនជនល្មើសបានម្នាក់ និងគូកនម្នាក់ទៀតបាននិងកំពុងរត់គេចខ្លួន តែទោះជាយ៉ាងណាយើងខ្ញុំនឹងស្វែងរកជនល្មើសមកផ្តន្ទាទោសឲ្យខានតែបាន។

ជាមួយនោះ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរីទ្ធ បានបន្ថែមថា ក្នុងករណីបងប្អូនបានឃើញជនសង្ស័យដែលមានឈ្មោះ កៅ ផា ហៅណៃ ដែលកំពុងរត់គេចខ្លួន សូមផ្តល់ព័ត៌មាន យើងខ្ញុំនឹងជូនសាគុណចំនួន២លានរៀលនិងរក្សារការសម្ងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង