បណ្ឌិត តុប នេត៖ ក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត នៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រី ដែលជាមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋានផងដែរ។
ជាមួយនោះ ឯកឧត្តមបណ្ឌិតអគ្គនាយកបានណែនាំដល់ លោក លោកស្រីជាសិក្ខាកាមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលនេះឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា ព្រោះក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវា មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕