នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា នគរបាល៤នាក់ ដែលបាញ់បោះសេរីនៅភ្នំគិរីរម្យ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ
នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអះអាងថា មន្ដ្រីនគរបាលដៃដល់ ចំនួន៤នាក់ ដែលបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកោះនរា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើតាមអ្វីដែលទេសរដ្ឋមន្ដ្រី ឆៃ ស៉ីណារិទ្ធ បានរាយការណ៍ជូនសម្ដេច ហេតុការណ៍បាញ់បោះសេរីនៅភ្នំគិរីរម្យ គឺជាមន្ដ្រីនគរបាលចំនួន៤រូប ហើយនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ម្សិលម្ងៃ ឃើញហេតុការណ៍បាញ់នៅគិរីរម្យសួរចុះសួរឡើង ស្រាវជ្រាវឃើញជាអកុសលនៅក្នុងកម្លាំងសមត្ថកិច្ច ត្រូវចាត់វិធានការតឹងរឹងបណ្ដេញចេញពីក្របខ័ណ្ឌ ចំនួន៤នាក់ ដែលឯកឧត្តម ឆៃ ស៉ីណារិទ្ធ រាយការណ៍មកខ្ញុំ»។
គួរជម្រាបថា ជនដៃដល់ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម។ ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងយកចាប់ខ្លួនផងដែរ។
ករណីនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអះអាងថា ផ្ទះលំហែដែលកើតហេតុការណ៍បាញ់បោះសេរីនេះ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះ គៀង ចាន់តួ ដែលជាកូនរបស់នាយឧត្តមសេនីយ៍ គៀន សាវុធ នោះទេ ពោលលោកបានលក់មកឲ្យឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ហើយ។
ឆ្លើយតាមការសាកសួរ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ទាំង៤នាក់ខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុពួកគេបាញ់កាំភ្លើងប្រហែលជិត៣០គ្រាប់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់សំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុ ប្រមាណ២០០គ្រាប់នោះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា កន្លងទៅទីតាំងនេះក៏ធ្លាប់បាញ់បោះសេរីបែបនេះដែរ។
គួររំលឹកថា នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីបាញ់បោះសេរីមួយចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែចំការតែ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅលើខ្នងភ្នំគិរីរម្យ ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ៕