សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអចលនទ្រព្យ នៅតែជាវិស័យដ៏មានសារៈសំខាន់ សម្រាប់កម្ពុជា

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា ក្នុងខណ្ឌច្បារអំពៅ និងស្ពានកោះនរា ស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតនាឱកាសនោះ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យ នៅតែជាវិស័យដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រ ជាពិសេស វិធានការលើកទឹកចិត្តសារពើពន្ធ ជាអាទិ៍៖ ពន្ធប្រថាប់ត្រា, ទណ្ឌកម្មរដ្ឋបាលលើពន្ធអចលនទ្រព្យ, ពន្ធដីធ្លីមិនបានប្រើប្រាស់, និងពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យ ជាដើម។

សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលក៏យល់ច្បាស់អំពីសម្ពាធនៃវិស័យហិរញ្ញវត្ថុ នៅក្នុងបរិបទនេះផងដែរ ហើយបានជំរុញលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ (Loan Restructuring) តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរី ។

រាជរដ្ឋាភិបាលក៏នឹងជំរុញបន្ថែមទៀត ឱ្យវិស័យអចលនទ្រព្យកម្ពុជា កាន់តែមានការទាក់ទាញពីវិនិយោគិនបរទេស ដោយក្នុងនោះ បានជំរុញការប្រើប្រាស់ “យន្តការសិទ្ធិជួលរយៈពេលវែង” ដែលជាយន្តការស្របច្បាប់មួយអនុញ្ញាតឱ្យមានចុះកិច្ចសន្យាជួលរយៈពេលវែងនូវអចលនទ្រព្យទាំងនោះ ក្នុងរយៈពេលចាប់ពី ១៥ ឆ្នាំ ដល់ ៥០ ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ ឆ្នាំទៀត ដោយទទួលបាននូវសិទ្ធិប្រត្យក្ស ស្ទើរតែដូចគ្នាទៅនឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ ។

ត្រង់ចំណុចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបកស្រាយបញ្ជាក់ពាក់ព័ន្ធនឹងការយល់ច្រឡំមួយចំនួនថានេះ គឺជាការលក់ដីឱ្យបរទេស ដែលប្រាសចាកទាំងស្រុងពីស្មារតីនៃយន្តការនេះ ពីព្រោះគ្រាន់តែជាយន្តការជួលដែលមានរយៈពេលវែង ហើយមានបទដ្ឋានគតិយុត្តត្រឹមត្រូវ និងច្បាស់លាស់ ដោយអនុវត្តយ៉ាងតឹងរ៉ឹងបំផុតតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមិនអនុញ្ញាតឱ្យជនបរទេស ទាំងជារូបវន្តបុគ្គល ទាំងជានីតិបុគ្គល អាចក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី៕

អត្ថបទដែលជាប់ទាក់ទង