រដ្ឋបាលខេត្តព្រះវិហាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅស្រុកឆែប ស្ថិតក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ក្រោមអធិបតីភាពឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី។

វេទិកានេះ មានការចូលរួម ពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ មានគោលបំណង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក។

វេទិកាខាងលើនេះនឹងផ្តល់នូវឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរ៕

អត្ថបទដែលជាប់ទាក់ទង