បង្ក្រាបករណីចាប់ជំរិតទារប្រាក់ ចាប់ជនសង្ស័យជនជាតិចិនបាន២នាក់ ខណៈរំដោះជនជាតិចិនបានម្នាក់

កម្លាំងប៉ូលិសព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមស្រាវជ្រាវរហូតឈានដល់ការរំដោះបានជនជាតិចិនបានម្នាក់ និងបានបង្ក្រាបជនជាតិចិនចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា ព្រមទាំងដកហូតរថយន្ដ២គ្រឿង ទូរស័ព្ទដៃ និងសម្ភារបម្រើឲ្យការចាប់ជំរិតមួយចំនួន។

ជនសង្ស័យ​ នឹងត្រូវបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ក្រោយបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមប្រភពបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតទារប្រាក់នេះ បានធ្វើឡើងក្រោមបទបញ្ជាដឹកនាំពីសំណាក់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងក្រោមការឯកភាពពីតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពបន្តថា ជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចតាមស្រាវជ្រាវរំដោះបាននៅក្នុងហេតុការចាប់ជំរិតទារប្រាក់មានឈ្មោះ LI CHANFU ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH៨៣៩៦៧៩៨ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ សម្រាប់សម្ភារដែលជនរងគ្រោះបាត់បង់រួមមាន៖ ប្រាក់៦៤០០ដុល្លារនិងទូរសព្ទ័ដៃ១គ្រឿង។

ប្រភពបញ្ជាក់ថា ករណីនេះ កើតឡើងនៅពេលជនរងគ្រោះ បានចេញពីហាងហូបអាហារមួយកន្លែង ស្រាប់តែជនសង្ស័យ បាននាំគ្នាចាប់ដាក់ចូលក្នុងរថយន្ត រួចបើកដឹកជនរងគ្រោះគេចខ្លួន បាត់តែម្តង ស្ថិតនៅចំណុចបុរីញូថោន តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០០៖៣០នាទី។ ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់មិនចាំផ្លាកលេខប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាកចំនួន២ដើម។

ប្រភពបញ្ជាក់ទៀតថា កម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងតាមផ្លូវដែលជនសង្ស័យបានដឹកជនរងគ្រោះគេចខ្លួន និងទីតាំងដែលជនសង្ស័យយកជនរងគ្រោះទៅចងទុករហូតឈានដល់ការកំណត់ បានមុខសញ្ញាប្រព្រឹត្តបទល្មើសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦៖៤៥នាទី។ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ស្ថិតនៅចំណុចកែងផ្សាររតនាផ្លាហ្សា តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យជាជនជាតិចិនមានឈ្មោះ WENG SHENGFENG ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ បក្ខពួកម្នាក់ទៀតឈ្មោះ ZHANG YAN ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទដែលជាប់ទាក់ទង