ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបំភ្លឺបញ្ជាក់ជូនឯកឧត្តម ខៀវ កាញារឹទ្ឋ និងសារធារណជនពាក់ព័ន្ធផ្លូវចូលស្នងការដ្ឋាន

បន្ទាប់ពីឯកឧត្តម ខៀវ កាញារឹទ្ឋ សមាជិករដ្ឋសភា អាណត្តិទី៧ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ «Kanharith Khieu» កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា៖ «សូមគោរពជូនអ៊ំប្រុសជួយផ្សព្ធផ្សាយដោយក្តីអនុគ្រោះ នេះជាផ្លូវចូលស្នងការដ្ឋាននរគបាលខេត្តកណ្តាល ដែលផ្លូវនេះមានសភាពខូចខាតច្រើនឆ្នាំមកហើយដែលកន្លងមកធ្លាប់ឃើញអជ្ញាធរចុះមកពិនិត្យដែរតែហើយក៏ស្ងាត់ឈឹងដល់សព្វថ្ងៃ។ ហើយតួនៃផ្លូវនេះសឹងតែជិះឡានជៀសគ្នាលែងរួចទៅហើយ។ ក្មួយសូមគោរពអរគុណអ៊ំប្រុស»

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមបំភ្លឺបញ្ជាក់ជូនឯកឧត្តម និងសារធារណជនឲ្យបានជ្រាបថា «ចំពោះផ្លូវមួយខ្សែតាមបណ្តោយស្ទឹងព្រែកត្នោតទល់មុខបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល មួយរយៈកន្លងទៅពិតជាមានការខូចខាតដូចរូបភាពដែលបានផ្សព្វផ្សាយពិតមែន ហើយក៏ធ្លាប់មានអាជ្ញាធរពាក់ព័ន្ធបានចុះវាស់វែងដើម្បីជួសជុលផងដែរ តែមិនទាន់បានជួសជុលនោះទេ។

ដោយពិនិត្យឃើញផ្លូវនៅបរិវេណស្នងការដ្ឋានមានការខូចខាតដក់ទឹកដុំៗដោយកន្លែង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក៏បានចាត់មន្រ្តីក្រោមឱវាទឲ្យយកគ្រឿងចក្រមកឈួសឆាយឲ្យស្មើជាបណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើចរាចរណ៍បានស្រួល រហូតអាជ្ញាធរពាក់ព័ន្ធធ្វើការជួសជុលទាំងស្រុង»៕

អត្ថបទដែលជាប់ទាក់ទង