«ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ»
ក្នុងឱកាសអញ្ជើញស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុកបុកម្មេញដោយសារតែគោរពជំនឿសាសនារបស់ពួកគាត់នោះទេ។ ទោះបីជានៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក៏ប៉ុន្ដែប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ តាមជំនឿរៀងៗខ្លួន ហើយក៏ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញថែមទៀត។
សម្ដេចធិបតីបានថ្លែងថា «ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រណិប័តន៍សាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុកបុកម្មេញដោយសារតែគោរពជំនឿសាសនារបស់ពួកគាត់ឡើយ»។
សម្ដេចធិបតីបានបន្តថា ផ្ទុយពីការមិនធ្វើទុកបុកម្មេញព្រោះជំនឿសាសនាហើយនោះ ការគោរព និងការប្រណិប័តន៍ជំនឿសាសនាផ្សេងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌ ដែលមិនធ្វើឲ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្ដិសុខសាធារណៈ។សម្ដេចបានអះអាងថា បច្ចុប្បន្នមិនមានជម្លោះសាសនានៅកម្ពុជាទេ នេះជាតកភាពមួយដែលគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុរម្មនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតដល់បង្កើតជាសង្គ្រាម ធ្វើឲ្យមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត។
សម្ដេចធិបតីបន្ដថា នៅក្នុងប្រទេសកម្ពុជា គ្រប់សាសនាទាំងអស់ទទួលបាននូវផល ឬឆ្លងកាត់ស្ថានភាពដូចគ្នាទាំងល្អ ទាំងអាក្រក់។ បើគិតក្នុងរង្វង់៧០ឆ្នាំមកនេះ នៅពេលដែលកម្ពុជាទទួលបានឯករាជ្យពីសាធារណរដ្ឋបារាំង នៅឆ្នាំ១៩៥៣ ពេលនោះគ្រប់សាសនាទាំងអស់ចាប់ផ្ដើមមានសេរីភាពប្រណិប័តនឡើងវិញ ប៉ុន្ដែជាអកុសលនៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម គ្រប់សាសនាទាំងអស់ត្រូវបានរងគ្រោះ ប្រជាពលរដ្ឋដែលគោរពប្រណិប័តន៍ត្រូវបានប៉ះពាល់ដោយសារភ្លើងសង្គ្រាម។
ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយឆ្នាំ១៩៧៩ គ្រប់សាសនាទាំងអស់ត្រូវបានទទួលនូវឱកាស សិទ្ធិ និងការយកចិត្តទុកដាក់ដូចគ្នា ពោលបានរស់ឡើងវិញដូចគ្នា បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញ ឬលុបបំបាត់ដោយសារតែបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយការបញ្ចប់សង្គ្រាមបានស្រោចស្រង់ និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់សាសនាទាំងអស់ស្មើគ្នា។
គួរជម្រាបថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានវត្តអារ៉ាម ចំនួន៥,១៣៣វត្ត និងមានព្រះសង្ឃ ចំនួន៦,៨៩៦៧អង្គ, វិហារសាសនាឥស្លាម និងសាសនាគ្រឹះជាច្រើនទៀត៕