ឧត្តមសេនីយ៍ត្រី អេង ហ៊ី បំភ្លឺ និងឆ្លើយតបពាក់ព័ន្ធការលើកឡើងថា មានមន្រ្តីអាវុធហត្ថ ខេត្តកំពង់ចាម មិនដែលចូលកន្លែងធ្វើការ ដោយសាររវល់ចែកចាយគ្រឿងញៀន ដោយសារមានខ្នងធំណាស់
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺ និងឆ្លើយតបជាមួយនឹងការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមថា មានមន្រ្តីអាវុធហត្ថ ខេត្តកំពង់ចាម មិនដែលចូលកន្លែងធ្វើការ ដោយសាររវល់ចែកចាយគ្រឿងញៀន ដោយសារមានខ្នងធំណាស់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាមថា កាលពីវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិស្ពឺ (ក) ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
ពេលចុះបង្ក្រាបនោះ កម្លាំងនគរបាលបានឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ក្នុងនោះក៏មានឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅរស់នៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
ករណីមួយទៀត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ នួន បញ្ញា បានប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពេងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ពេលនោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាប តែបុគ្គលនេះរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញកងរាជអាវុធហត្ថ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។
ក្រោយមកឈ្មោះ នួន បញ្ញា មានដីកាចាប់ខ្លួនចំនួន០២ដីកា ក្នុងឆ្នាំ២០១៨ ចំនួន០១ដីកា និងក្នុងឆ្នាំ២០២០ ចំនួន០១ដីកាទៀត ហើយក្នុងឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនតាមដីកា បុគ្គលនេះត្រូវបានអនុវត្តដាក់ពន្ធនាគារម្តងរួចហើយ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ នួន បញ្ញា ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនលើកលែង ឬយោគយល់ បុគ្គលដែលប្រព្រឹត្តបទល្មើស ទោះបីបុគ្គលនោះ ជាយោធិននៃកងរាជអាវុធហត្ថក្តី ក៏ត្រូវតែអនុវត្តតាមច្បាប់ ឬវិន័យកងទ័ព ដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោករបស់កងរាជអាវុធហត្ថ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប»៕