ឯកឧត្តម ណុប រ័ត្ននិមល៖ ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងនៅជាប់ជាមួយប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ និងគ្រប់កន្លែង
ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងនៅជាប់ជាមួយប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ និងគ្រប់កន្លែង រហូតមក ពិសេសនៅក្នុងពេលមានវិបត្តិនៃការរាតត្បាតជំងឺឆ្លងកូវីដ១៩ បានខិតខំប្រឹងប្រែងកៀងគររកជំនួយ និងបញ្ជាទិញវ៉ាក់សាំងមកចាក់ស្រោចមកលើប្រជាពលរដ្ឋ បើកប្រទេសឲ្យមានភាពប្រក្រតីឡើងវិញយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នៅតែបន្តបំពេញតួនាទីភារកិច្ចលើការដឹកនាំប្រទេសជាតិ ពីសំណាក់សម្តេចតេជោ ដើម្បីធ្វើឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា មានសុខសន្តិភាព សុវត្ថិភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាការគូសបញ្ជាក់របស់លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបុណ្យដង្ហែរអង្គកឋិនទាន និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជារាល ក្នុងឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ៥៥០នាក់ ក្នុងបរិវេណវត្តពោធារាម ហៅវត្តថ្មី នៅឃុំរកា។
ឯកឧត្តម ណុប រ័ត្ននិមល បានគូសបញ្ជាក់បន្តថា ប្រជាពលរដ្ឋកម្ពុជា មានសំណាងណាស់ ដែលមានថ្នាក់ដឹកនាំ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ខ្ពស់ យកអាយុជីវិតធ្វើជាដើមទុន ប្តូរយកមកវិញនូវសុខសន្តិភាព ហើយមានការឈ្លាសវៃក្នុងការដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ មានការរីកលូតលាស់ព្រមៗគ្នា។
ជាមួយនោះ ឯកឧត្តម ណុប រ័ត្ននិមល បានជម្រុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការ អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋ ឃុំរកា ស្រុកកណ្តាលស្ទឹង កុំចាញ់ឧបាយកុលការញ៉ួសញ៉ុងរបស់ពួកជនអគតិ និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល លើការថែរក្សាសុខសន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៅទៀត។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង តាមរយៈការជំរុញកំណើនការងារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ទន្ទឹមនោះ ឯកឧត្តម ណុប រ័ត្ននិមល បានវេរប្រគេនបច្ច័យសង្កត់ត្រ័យវត្តពោធារាម(វត្តថ្មី) មានចំនួន ៤៧លាន ៣២ម៉ឺនរៀល ក្នុងនោះ បច្ច័យរបស់កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានចំនួន ៣០លានរៀល សម្រាប់បន្តលើការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ឲ្យកាន់តែមានរីកចម្រើនបន្ថែមទៀត។ ក្នុងពិធីនោះ ឯកឧត្ដមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនឧបត្ថម្ភដល់សីលវន្តសីលវត្តី មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។
គួរជម្រាបជូនថា សម្រាប់វត្តពោធារាម ហៅវត្តថ្មី ស្ថិតនៅក្នុងឃុំរកានេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងសប្បុរសជន ព្រះសង្ឃ គណៈកម្ចាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរនូវសមិទ្ធផលមួយចំនួន មាន កុដិថ្ម១ខ្នង, កសាងរោងបុណ្យទទួលភ្ញៀវ ២០មx៣០ម,របងវត្តប្រវែង២១០ម៉ែត្រ, ស្តារបឹងមុខវត្តទំហំ ២០៤មx៣០ម និងសមិទ្ធផលផ្សេងៗ សរុបបច្ច័យកសាងចំនួន ៧៤លានរៀល និងប្រាក់ដុល្លារ ៤ម៉ឺន ៦ពាន់ ២រយ ដុល្លារអាមេរិក៕