នាយករដ្ឋមន្ត្រីកម្ពុជាជំរុញលើកទឹកចិត្តអាណាព្យាបាលព្យាយាមចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន

 

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តអាណាព្យាបាលគ្រប់រូប គួរព្យាយាមចំណាយពេលវេលាជាមួយកូនឱ្យបានច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណេត បានបង្ហាញអារម្មណ៍លើទំព័រហ្វេសប៊ុកក្នុងនាមជាឪពុកថា «ឪពុកម្តាយគ្រប់រូបអាចយល់ពីអារម្មណ៍មួយនេះ…។ ពេលវេលាពិតជាដើរលឿនណាស់ ហើយកូនៗរបស់យើងម្នាក់ៗ ពួកគេក៏ធំលឿនដែរ… តែមួយភ្លែត ពួកគេនឹងរីកធំធាត់ទាំងរូបកាយ បញ្ញាញាណ ហើយឯករាជ្យភាព និងការទទួលខុសត្រូវរបស់ពួកគេក៏កើនឡើងដែរ ជាពិសេសពេលដែលពួកគេត្រូវមានភាពម្ចាស់ការក្នុងការរស់នៅដោយខ្លួនឯង និងមានគ្រួសាររៀងៗខ្លួន»។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តថា «ពេលនោះ ពេលវេលានៅជាមួយឪពុកម្តាយ ក៏មិនមានច្រើនដូចដែលកាលពីពួកគេនៅក្មេងដែរ។ ហេតុដូច្នេះ ទោះជារវល់យ៉ាងណា គួរព្យាយាមចំណាយពេលវេលា ជាមួយកូនៗអោយបានច្រើន»។

ការនៅជាមួយកូនមិនត្រឹមតែផ្តល់ភាពកក់ក្តៅ ផ្តល់មនោសញ្ចេតនាប៉ុណ្ណោះទេ។ ប៉ុន្តែការបាននៅជិតកូន ជាពេលវេលាមួយដែលអាណាព្យាបាលអាចផ្តល់ការអប់រំ និងដំបូន្មានសម្រាប់ជីវិតកូនដ៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។ នេះបើតាមការសិក្សាស្រាវជ្រាវ។

ការនៅឆ្ងាយ និងការមិនសូវបានប្រាស្រ័យទាក់ទងនឹងកូន នឹងធ្វើឱ្យកូនខ្វះភាពកក់ក្តៅ មានអារម្មណ៍ឯកា ហើយកូនអាចនឹងធ្វើរឿងខុសឆ្គងមួយចំនួនដោយមិនដឹងខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង