ជនដៃដល់ជាជនបរទេស២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពត ស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពស្ទាក់ប្លន់ជនជាតិបរទេសដូចគ្នា យកអស់លុយប្រមាណ១៥០០ដុល្លារ

កម្លាំងនគរបាលខេត្តកំពតបានស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ជាជនបរទេស២នាក់ បន្ទាប់ពីធ្វើសកម្មភាពស្ទាក់ប្លន់ជនជាតិបរទេសដូចគ្នា យកអស់លុយប្រមាណ១៥០០ដុល្លារ។ ហេតុការណ៍ស្ទាក់ប្លន់នេះ បានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចស្ថានីយ៍ប្រេងឥន្ថនៈតេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ CHAUDHARY FAHAD សញ្ជាតិ ប៉ាគីស្ថាន បាត់បង់សម្ភាររួមមាន, iPhone14, SAMSUNG Galaxy ពណ៌ខ្មៅ និងលុយចំនួន១,៥០០ដុល្លារ។

ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AZ-9132 តែម្នាក់ឯងគោលបំណទៅខេត្តកែប មកដល់ស្ថានីយ៍ប្រេងឥន្ថនៈតេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានឈប់ចាក់ប្រេង ត្រូវក្រុមជនសង្ស័យ៣នាក់ មានម្នាក់ជាជនជាតិប៉ាគីស្ថាន (ធ្លាប់ស្គាល់)ឈ្មោះ ABBAS AMJAD ភេទប្រុស ស្នាក់នៅកែប ជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ BF-5495 មកពីកែប។ពេលនោះ ជនរងគ្រោះបម្រុងជិះចេញពីកន្លែងចាក់ប្រេង ស្រាប់តែក្រុមជនសង្ស័យបានជិះរថយន្តមកបាំងមុខឡានរបស់ជនរងគ្រោះ រួចហៅជនរងគ្រោះឲ្យចុះពីរថយន្តហើយលូកយកសម្ភារពីហោប៉ាវជនរងគ្រោះ ពេលយកសម្ភារបានក្រុមជនសង្ស័យ បានជិះរថយន្តគេចសំដៅទៅទីរួមខេត្តកំពត។

ក្រោយទទួលបានព័ត៌មានភ្លាម និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមុធរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងជំនាញបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដោយរំលងបានប៉ុន្មានម៉ោងក្រោយ ក្រុមជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅសួរនាំនៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង