ឯកឧត្តម ឯម ច័ន្ទមករា៖ នៅពេលអនាគត ប្រធានបទការងារសម្រាប់ជនមានពិការភាពនៅតែជាបញ្ហាប្រឈមសម្រាប់សង្គមទូទៅនៃពិភពការងារ

ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា «នៅពេលអនាគតខាងមុខ ប្រធានបទការងារសម្រាប់ជនមានពិការភាពនៅតែជាបញ្ហាប្រឈមសម្រាប់សង្គមទូទៅនៃពិភពការងារ ខណៈបញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវរួមគ្នាដោះស្រាយមុនពេលកើតឡើង ដើម្បីធានាថា “មិនត្រូវទុកឱ្យនរណាម្នាក់នៅឯកការ” ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត រួមទាំងជនមានពិការភាពផងដែរ»។

ការគូសបញ្ជាក់របស់តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការធ្វើឡើងក្នុងក្នុងពិធីអបអរសាទរបញ្ចប់គម្រោងដោយជោគជ័យស្ដីពី “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព” នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា៖ «ការធានាបាននូវអនាគតរួមនៃការងារ គឺជាផ្នែកមួយនៃរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះ មាត្រា២៧ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព បានទទួលស្គាល់សិទ្ធិជនមានពិការភាពក្នុងការធ្វើការងារដោយឈរលើ មូលដ្ឋានស្មើភាពជាមួយអ្នកដទៃ»។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថ្លែងថា ទីផ្សារការងារនាពេលអនាគត នឹងអាចធ្វើឱ្យគម្លាតបន្ថែមទៀត ដូច្នេះត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាប័ន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ទិន្នន័យការងាររបស់ជនមានពិការភាព គឺមានការពិបាកស្វែងរក ប៉ុន្តែតាមការប៉ាន់ស្មាន គឺអត្រាទីផ្សារការងាររបស់ជនមានពិការភាពគឺទាបជាងជនមិនពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់អំពីការផ្តល់អាទិភាពសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងមានស្ថាប័នឯកជនជាច្រើនបាននិងកំពុងកើនឡើងនៃការទទួលស្គាល់អំពីពិការភាព ជាប្រភពនៃភាពចម្រុះ ទេពកោសល្យ និងការបង្កើតថ្មី។

ទន្ទឹមនេះ ឯកឧត្តមបានបញ្ចាក់ថា សម្រាប់ជនមានពិការភាព ការងារសមរម្យមានន័យថា ពួកគេអាចត្រូវបានផ្តល់សិទ្ធិអំណាចឱ្យដឹកនាំជីវិតប្រកបដោយឯករាជ្យ និងបានរួមចំណែកដល់សុខុមាលភាពនៃគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នបន្ថែមទៀត។

គួរជម្រាបជូនថា ជនមានពិការភាព ត្រូវបានគេចាត់ទុកថា ជាក្រុមមួយក្នុងចំណោមក្រុមដែលទទួលបានការយកចិត្តទុកដាក់ជាក់លាក់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានកំណត់យ៉ាងច្បាស់អំពីផលប្រយោជន៍របស់ជនមានពិការភាព រួមទាំងក្នុងបរិបទនៃការងារសមរម្យ និងកំណើនសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង