នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុក «សន្និសីទចក្ខុវិស័យ» ជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់បានពិភាក្សា ផ្តោះប្តូរយោបល់អំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «សា្ថប័នស្រាវជ្រាវ» បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅ តាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។

ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាខាងលើនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍន៍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម។

ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។

ទន្ទឹមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្តីបន្តទៀតថា ការពង្រឹង និងស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា ផ្លូវ ថ្នល់ ទឹក និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់, សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម៕

អត្ថបទដែលជាប់ទាក់ទង