ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកង់ XDS Bicycle
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកង់ XDS Bicycle ដឹកនាំដោយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd.។
កិច្ចប្រជុំនាឱកាសនេះគឺជាផ្នែកមួយនៃសកម្មភាពថែទាំវិនិយោគ (Investment Aftercare) ដូចមានចង្អុលបង្ហាញដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យពាក់ព័ន្ធ ដែលតម្រូវឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តយកចិត្តទុកដាក់ស្វែងយល់អំពីតម្រូវការ និងកង្វល់របស់ក្រុមហ៊ុន ហើយខិតខំស្វែងរកដំណោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនក្រុមហ៊ុនដែលកំពុងជួបប្រទះក្នុងប្រតិបត្តិការវិនិយោគនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះក៏បានជម្រាបជូនក្រុមហ៊ុនអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនបានជួបប្រទះ សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវសកម្មភាពវិនិយោគដែលមានស្រាប់ និងជំរុញឱ្យក្រុមហ៊ុនអាចពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា។
ជាមួយនោះ ក្រុមហ៊ុនក៏បានស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើគោលបំណងដែលក្រុមហ៊ុនចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះខ្លី នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថាក្រុមហ៊ុនផលិតកង់ XDS បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៩ លើការដំឡើង និងនាំចេញប្រភេទកង់ផ្សេងគ្នាទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបជាដើម។ ក្រុមហ៊ុននេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ១៩លានដុល្លារ និងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ១.៦០០កន្លែង៕