ប៉ូលិសស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ពាក់ព័ន្ធការប្រើប្រាសកាំបិតទៅកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនៅក្រុងបាត់ដំបង

ជនសង័្សយចំនួន៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបន្ទាប់ពីបានធ្វើការសាកសួរ និងរៀបចំសំណុំរឿងរួចរាល់។

ប្រតិបត្តិការនេះ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយបញ្ហានេះ ត្រូវបានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវកាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយក្រុមជនសង័្សយបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ បឹង សូបិន ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបង (តំណាងដើមបណ្ដឹង) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១៣៖០០នាទី នៅចំណុចក្រុមទី៥ ភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះម៉ូតូចំនួន ០២គ្រឿងត្រូវខូចខាត។

ជនសង័្សយទាំង០៥នាក់នោះគី៖ ១-ឈ្មោះឆៃ គឹមហួ ភេទប្រុស រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។, ២-ឈ្មោះជា ចំណាន ភេទប្រុស រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។, ៣-ឈ្មោះឡុង សុផូ ភេទប្រុស រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ។, ៤-ឈ្មោះអន វិឆៃ ភេទប្រុស រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ,និង៥-ឈ្មោះហុន ចាន់យ៉ា ភេទប្រុស រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក។ រួមជាមួយសម្ភារៈដកហូតបាន៖ ម៉ូតូម៉ាកហុងដាម៉ាក Scoopy ពណ៌ឈាមជ្រូក សេរីឆ្នាំ២០២១ គ្មានស្លាកលេខ១គ្រឿង, កាំបិតខ្វែវដងឈើចំនួន០១ដើម, កាំបិតប៉័ងតោ១, កាំបិតកែច្នៃ១ និងកាំបិតកែច្នៃដងឈើ១ ។

បើតាមលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា មូលហេតុដែលនាំទៅដល់ករណីកាប់បំផ្លាញទ្រព្យសម្បត្តិបែបនេះ គឺក្រុមជនសង័្សយខាងលើមានគ្នាច្រើន បានលើកគ្នាទៅរកកាប់ក្រុមម្ខាងទៀតដែលមានរហស័នាមថា ក្រុមGS ដែលអ្នកដឹកនាំក្រុមគេប្រាប់ថា ក្រុមGS កំពុងមានវត្តមាននៅទីកន្លែងកើតហេតុខាងលើ និងទុកម៉ូតូនៅទីនោះ ដូច្នេះក្រុមនេះសំដៅទៅកាប់បំផ្លាញ ម៉ូតូនោះតែម្តង ប៉ុន្តែដោយសារអ្នកកាប់ទទួលព័ត៌មានមិនច្បាស់ក៏ទៅកាប់ច្រឡំម៉ូតូអ្នកដទៃដែលមិនដឹងរឿងអ្វីសោះបណ្តាលឱ្យខូចខាត ដោយអន្លឺហើយមុនពេលគេចខ្លួនពីកន្លែងកើតហេតុក្រុមនេះបានកា-ប់ទៅលើរថយន្តមួយគ្រឿងថែម ទៀតដែល ឈប់នៅក្បែរនោះផងដែរត្បិតនៅសេសសល់កំហឹង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា តាមការវាយតម្លៃគឺក្រុមបង្កហេតុនេះមានទំនាស់ជាមួយក្រុមម្ខាងទៀតដែលមានរហ័សនាមថាក្រុមGS នាពេលកន្លងមកហើយពេលនេះសមត្ថកិច្ចកំពុងបន្តស្វែងរកមេក្លោងនៃក្រុមបង្កដែលកំពុងគេចខ្លួនពីមូលដ្ឋាន និងសមាសភាពក្រុម GS ដើម្បីមានវិធានការតាមនីតិវិធី។

ពេលនេះជនសង័្សយនិងវត្ថុតាងប្រព្រឹត្តិអំពើល្មើសត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង