លោកស្នងការបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវពិនិត្យភ្លាមៗក្រោយទទួលបានព័ត៌មានថា «មានករណីល្បែងស៊ីសងភ្នាល់ជល់មាន់ និងឡូតូអនឡាញ នៅខាងត្បូងស្ពានព្រែកតាមាក់»
ក្រោយទទួលបានព័ត៌មានថា «មានករណីល្បែងស៊ីសងភ្នាល់ជល់មាន់ និងឡូតូអនឡាញ នៅខាងត្បូងស្ពានព្រែកតាមាក់ ដែលស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល» លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឲ្យលោកអធិការនគរបាលស្រុកមុខកំពូលឲ្យចុះស្រាវជ្រាវជាបន្ទាន់ភ្លាមៗ ជាលទ្ធផលបានឲ្យដឹងថា នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកអធិការបានបញ្ជាកម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញបានចុះស្រាវជ្រាវរកឃើញចំណុចផ្ទះមានម្ចាស់ឈ្មោះ អ៊ឹង សុខចាន់ ភេទស្រី អាយុ៦០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ដែលមានទីលំនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយបានពិនិត្យឃើញថា មានឆ្នោតឡូតូអនឡាញរបស់ក្រុមហ៊ុន «លាភមហាសម្បត្តិឡូតូ» ដែលមានអាជ្ញាបណ្ណស្របច្បាប់។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានសារភាពថា កន្លងមកគឺពិតជាមានលួចលេងជល់មាន់អនឡាញម្តងម្កាលពិតប្រាកដមែន ប៉ុន្តែបានបញ្ឈប់ក្រោយពីទទួលបានកាអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយលោកអភិបាលរងស្រុក ឈ្មោះ ហុង គិរី ជាតំណាងអភិបាលស្រុកបានដឹកនាំកម្លាំងនគរបាលស្រុក ដោយមានការចូលរួមពីលោកអធិការរង លោកនាយរងផ្នែក កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ កាលពីថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៣ ចុះត្រួតពិនិត្យ អប់រំណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ផ្ទះ និងទីតាំងផ្សេងទៀតក្នុងមូលដ្ឋានឃុំព្រែកអញ្ចាញឲ្យបានយល់ច្បាស់អំពីច្បាប់ និងបានធ្វើកិច្ចសន្យា នៅចំពោះមុខសមត្ថកិច្ចគឺហាមដាច់ខាតមិនឲ្យមានផ្តល់ទីតាំងលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលធើ្វឲ្យប៉ះពាល់ដល់សង្គមជាតិ និងប្រជាពលរដ្ឋនោះទេ។
គួរជម្រាបជូនថា នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់ទីតាំងម្ចាស់ផ្ទះឈ្មោះ អ៊ឹង សុខចាន់ ភេទស្រី អាយុ ៦០ឆ្នាំ ខាងលើដើម្បីសាកសួរព័ត៌មាន និងត្រួតពិនិត្យជាក់ស្តែង គឺពុំមានការលួចលាក់លេងល្បែងជល់មាន់តាមអនឡាញ ដូចការចុះផ្សាយរបស់គេហទំព័រមួយចំនួននោះទេ៕