ធ្វើដូចជាប្រទេសអត់ច្បាប់ ហ៊ានវាយក្បាលសន្តិសុខមួយពិលបែកឈាមហើយ ទារឲ្យជនរងគ្រោះសងថ្លៃពិលទៀត ចាប់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោយវាយសន្តិសុខបែកឈាមនិងគំរាមបាញ់ប៉ូលិសទៀត
កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យបានចាប់ឃាត់ខ្លួនមន្រ្តីយោធាម្នាក់ក្រោយបានប្រើហិង្សាដោយវាយសន្តិសុខមួយពិលបណ្តាលឲ្យបែកលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រាចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចាប់ខ្លួនមន្រ្តីយោធារូបនេះ ក្រោយវាយសន្តិសុខការពារនៅច្រកទ្វារចូលបុរីពិភពថ្មី បណ្តាលឲ្យបែកមុខ រួចជេរប្រមាថ និងគំរាមបាញ់នគរបាលមូលដ្ឋាន ដែលបានចុះទៅជួយអន្តរាគមន៍ទៀតផង។ មិនតែប៉ុណ្ណោះ ជននេះបានវាយជនរងគ្រោះមួយពិលហើយ ថែមទាំងឲ្យជនរងគ្រោះសងថ្លៃពិលទៀតផង ទាំងអការៈស្រវឹងត្រេតទ្រោត និងទូរស័ព្ទហៅខាងនគរបាលព្រហ្មទណ្ឌមកជួយទៀត។
បើតាមប្រភពព័ត៌មានបានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ជនសង្ស័យរូបនេះមានឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១និង០០នាទី ខ្លួនកំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជននេះ មកដល់ចំណុចច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។
បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខដែលជាជនរងគ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។
ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកគំរាមបាញ់ជនរងគ្រោះបំបែកក្បាល រួចចុះពីលើរថយន្តកាន់ពិលដែកពណ៌ខ្មៅដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់ ពេលនោះជនសង្ស័យបានគប់ពិល ទៅចំលើផ្ទៃមុខនៃចុងចិញ្ចើមខាងឆ្វេងបណ្តាលឲ្យរបួសបែកចេញឈាម។
ក្រោយពីកើតហេតុ ជនរងគ្រោះបាននាំគ្នាឃាត់ជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅពេលកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើនេះបានស្រែកជេរ និងគំរាមបាញ់មកដល់សមត្ថកិច្ចទៀត។ ដោយអនុវត្តតាមច្បាប់ កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចាត់ការបន្ត។
ទាក់ទិនការបង្កហិង្សាខាងលើ ពលរដ្ឋទទូចសូមឲ្យថ្នាក់ដឹកនាំ និងស្ថាប័នតុលាការ ចាត់ការឲ្យតឹងរឹងបំផុត ខណៈជននេះកំពុងមានអ្នកជួយអន្តរាគមន៍គ្រប់ច្រក ចង់ដោះលែងត្រឡប់ទៅវិញ៕