អភិបាលខេត្តកណ្តាលបណែនាំដល់គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករទាំងអស់ត្រូវរក្សាសេចក្តីថ្លៃថ្នូរ និងកិត្តិយសសម្រាប់ខ្លួនឯង

ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករ កីឡាការិនីទាំងអស់ត្រូវរក្សាសេចក្តីថ្លៃថ្នូរ កិត្តិយស សម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ ដោយមិនប្រព្រឹត្តិជាដាច់ខាតអំពើណាដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ សង្គម និងកម្មវិធីទាំងមូល។

ការណែនាំរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងការចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីចំណុះទូក ដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅ ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣​ នៅរាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបន្តណែនាំដោយត្រូវគោរពឱ្យបានដាច់ខាតនូវបទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ដែលកំណត់ដោយគណៈកម្មការរៀបចំពិធី។ និងត្រូវគោរព និងស្តាប់តាមការណែនាំរបស់គណៈកម្មការគ្រប់គ្រងទូក។ ជាពិសេសត្រូវចូលរួមបង្ហាញនូវសារ សាមគ្គីភាព មិត្តភាពនៃកីឡា ដែលបាននាំមកនូវកិត្តិយសជូនខ្លួនឯងផ្ទាល់ សហគមន៍ និងជាកិត្តិយសរបស់អង្គភាពទាំងមូល។

ជាមួយនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំគណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករ កីឡាការិនីទាំងអស់ត្រូវចូលរួមថែរក្សា សំអាត អនាម័យ បរិស្ថាន កន្លែងដែលបានស្នាក់នៅឲ្យបានស្អាតជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង