អ្នកនេសាទម្នាក់ទទួលបានលិខិតសរសើរក្រោយប្រលែងត្រី «គល់រាំង» ទម្ងន់ជិត៩គីឡូចូលក្នុងចូលទន្លេសាបវិញ

ប្រជានេសាទឈ្មោះ ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានលែងត្រីគល់រាំងមួយក្បាលទម្ងន់ ៨,៥០គីឡូក្រាម ប្រវែង ០,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រជានេសាទខាងលើក៏ទទួលបានលិខិតសរសើរពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសកម្មភាពនេះគឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះឱ្យបន្តមានវត្តមាននៅក្នុងទឹកធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនោះរដ្ឋបាលខណ្ឌជលផល បានអំពាវនាវដល់អ្នកនេសាទចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលបងប្អូននេសាទបាន ដើម្បីថែប្រភេទពូជត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ។

ត្រីគល់រាំង អាចហៅបាន២បែបទៀតគឺ«ត្រីកាហោ ឬត្រីក្បាលឡាន» វាមានឈ្មោះវិទ្យាសាស្ត្រ Catlocarpio siamensis ” និង ឈ្មោះជាភាសាអង់គ្លេស «Giant Mekong Barb»។ ត្រីប្រភេទនេះ ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ ត្រីប្រភេទនេះវាអាចមានទម្ងន់ពី១៥០ ទៅ ៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២ ទៅ៣ម៉ែត្រ ហើយវាអាចរស់នៅដល់អាយុ ៦០ឆ្នាំ និងអាចពងកូនម្តងៗពី ៦០ម៉ឺន ទៅ ៨០ម៉ឺនកូន។

ត្រីគល់រាំង ត្រូវបានចាត់ទុកជា «មច្ឆជាតិ និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា»។ ត្រីគល់រាំង ត្រូវបានហាមឃាត់ ការធ្វើនេសាទ ទិញ លក់ និងដឹកជញ្ជូន៕

អត្ថបទដែលជាប់ទាក់ទង