ចាប់បានហើយ, ករណីជនដៃដល់ចាប់ច្របាច់កកុមារីរុញពន្លិចក្នុងទឹកថ្លុក ត្រូវបានក្រុមប៉ូលិសចាប់ឃាត់ខ្លួនហើយ

(សៀមរាប)៖ ក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ត្រូវបានជនដៃដល់ចាប់ច្របាច់កពន្លិចក្នុងទឹករហូតដល់ស្លាប់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែអូរបាក់រនាស់ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ គុណ ស្រីលិម ហៅ ស្រីតយ ភេទស្រី អាយុ១៣ឆ្នាំ។ រីឯជនសង្ស័យឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ។

ជុំវិញហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃសៅរ៍ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មានលោកបានដាក់បទបញ្ជាដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសហការជាមួយនគរបាលស្រុកអង្គរជុំ ធ្វើការស្រាវជ្រាវខិតខំប្រមូលសាក្សី និងភស្តុតាងជាបន្តបន្ទាប់ ជុំវិញករណីខាងលើនេះ។ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តសៀមរាបបានដាក់ការសង្ស័យឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិកររស់នៅភូមិកើតហេតុ ដែលមានតម្រុយអំពីពិរុទ្ធភាព និងនាំខ្លួនមកធ្វើការសាកសួរជុំវិញរឿងហេតុខាងលើ។

លោកស្នងការបញ្ជាក់ទៀតថា បន្ទាប់សាកសួរតាមនីតិវិធី ជនសង្ស័យមិនអាចឆ្លើយប្រកែកបានក៏ឆ្លើយសារភាពថា នៅអំឡុងដើមខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៦៖០០នាទី ខណៈពេលឪពុករបស់ខ្លួន ឈ្មោះ ហឿត ស៊ាយ ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងផឹកស្រាជាមួយឈ្មោះ សែ ភឿយ ហៅពឿត ឬឈឿយ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជាប្រជាការពារភូមិអន្ទិតសុខ និងឈ្មោះ សែ សោម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ មុខរបរកសិករ  ស្រាប់តែឈ្មោះ គក់ គុណ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាឪពុកចុងជនរងគ្រោះ និងជាអ្នកភូមិឃុំជាមួយគ្នា បានដើរមកក្នុងសភាពស្រវឹងស្រែកជេរប្រមាថ ភ្លាមៗនោះឈ្មោះ គក់ គុណ បានចាប់យកដំបងឈើ វាយមកលើឪពុករបស់ខ្លួន ចំនួន ០២ដំបង ត្រូវចំស្មាផ្នែកខាងស្តាំបណ្តាលឱ្យថ្លោះគ្រេចស្មារ ហើយបន្តដើរទៅ យកខ្វែវដងឈើរបស់ឈ្មោះ សែ ភឿយ ដែលទុកក្រោមផ្ទះ ហើយស្រែកថា «ហែងផឹកស្រា មិនដែលហៅអញ ចាំមើលអញយកខ្វែវកាប់ពួកហែងងាប់អស់» ប៉ុន្តែពេលនោះត្រូវបាន ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ដែលនៅក្បែរនោះចាប់ជាប់ ហើយឈ្មោះ គក់ គុណ បានដើរទៅផ្ទះបាត់ទៅ។

ប្រភពបន្តថា ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៥៖០០នាទី ជីតា របស់ខ្លួនឈ្មោះ ឆេង  អាយុប្រហែល ៧០ឆ្នាំ បានប្រើឱ្យរូបខ្លួនទៅចងគោនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតនៅភូមិកើតហេតុ ពេល នោះក៏បានឃើញឈ្មោះ គុណ ស្រីលិម ហៅ តយ ភេទស្រី អាយុ ១៣ឆ្នាំ ត្រូវជាកូនស្រីចុងរបស់ឈ្មោះ គក់ គុណ ពាក់អាវយឺត មិនចាំពណ៌ និងមិនចាំថាដៃវែង ឬដៃខ្លី មិនមានស្លៀកខោរ កំពុងលេងទឹកម្នាក់ឯង ក្នុងចំណុចថ្លុកទឹកអូរបាក់រនាស់ ដោយនៅក្បែរឈ្មោះ គុណ ស្រីលិម មានសម្ភារៈដូចជា ធុងជ័រ ពណ៌ ស ចំនួន០១, ចបជីកចំនួន ០១, ស្បែកជើងសូក ពណ៌ ផ្កាឈូក ចំនួន ០១គូរ និងមានខោរចំនួន ០១ មិនចាំថា ពណ៌អ្វីនោះទេ ភ្លាមនោះដោយខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុករបស់ឈ្មោះ គុណ ស្រីលិម វាយកន្លងមកផង រូបខ្លួនបានដើរសំដៅទៅរកឈ្មោះ គុណ ស្រីលិម ពីខាងក្រោយ បន្ទាប់មកធ្វើ សកម្មភាពប្រើដៃស្តាំច្របាច់ ក របស់ឈ្មោះ គុណ ស្រីលិម ពីផ្នែកខាងក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក  ពេលនោះឈ្មោះ គុណ ស្រីលិម បានរើ បម្រាស់បានប្រហែល ០២នាទី ក៏លែងមានសកម្មភាពរើ  រូបខ្លួនដឹងថា ឈ្មោះ គុណ ស្រីលិម បានស្លាប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរទិសខាងកើត សំដៅទៅផ្ទះម្តាយមីង របស់ខ្លួនឈ្មោះ ភាំង នេត ភេទស្រី អាយុប្រហែល ២០ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង