លោក ហាក់ សុខមករា ប្រាប់ប្រជាពលរដ្ឋឲ្យពិនិត្យ ផ្ទៀងផ្ទាត់ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធឲ្យបានច្បាស់លាស់

(កណ្តាល)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការរដ្ឋបាលខេត្តកណ្តាលសហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានរៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីទុកពេលឲ្យម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារឲ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ។ទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋ ដែលបានបិទផ្សាយជាសាធារណៈនេះ ស្ថិតនៅក្នុងភូមិចំនួន០៤ គឺភូមិភូមិព្រែកត្រឡាច ភូមិជ្រោយតាកែវ ភូមិកំពង់ដរ និងភូមិព្រែកតាឃិន សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលមានក្បាលដីសរុប៣,១៨៤ក្បាលដី។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានថ្លែងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនាពេលនេះ ពិតជាមានតម្លៃណាស់ សម្រាប់ប្រជាពលរដ្ឋ ដូច្នេះហើយសូមពិនិត្យ ផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ក្នុងរយៈពេល១៥ថ្ងៃនេះ ព្រោះថាប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជន៍ជាច្រើន ធានានូវសិទ្ធិរបស់យើងក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។

លោកបានស្នើដល់ប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្យមើលការបិទឯកសារនៃការវិនិច្ឆ័យដីធ្លី ដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក។ ដើម្បីមានលទ្ធភាពឲ្យម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នៅការបិទផ្សាយ ប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

លោកអភិបាលរងខេត្តបានធ្វើការអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ បន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឲ្យបានដឹង និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានអនុវត្តតាមនីតិវិធីឲ្យបានគ្រប់ៗគ្នា។

លោកបានបន្ថែមថា លទ្ធផលដែលសម្រេចបាននាពេលនេះគឺដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ទើបក្រុមការងារសុរិយោដីខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំប្រឹងប្រែងការងារចុះបញ្ជីនេះបានយ៉ាងរលូន។សមិទ្ធិផលជាច្រើនដែលសម្រេចបានគឺសុទ្ធសឹងតែកើតឡើងដោយក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា នៅក្នុងក្រុងសំពៅពូន បានបិទផ្សាយរួចមកដល់ពេលនេះចំនួន ១៧លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៤ភូមិ គឺភូមិព្រែកត្រឡាច ភូមិជ្រោយតាកែវ ភូមិកំពង់ដរ និងភូមិព្រែកតាឃិន សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន មានចំនួន ៣,១៨៤ក្បាលដី ក្នុងនោះបានចែកប័ណ្ណរួចចំនួន ១៥លើកសរុបបានចំនួន ១៣, ២៧៩ប័ណ្ណ៕

អត្ថបទដែលជាប់ទាក់ទង