Breaking News: អភិបាលខេត្តកំពង់ចាមបញ្ជាឲ្យចៅហ្វាយស្រុកកងមាសរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រី
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាឲ្យលោកអភិបាលស្រុកកងមាសអនុវត្តវិធានការនិងរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។
នៅក្នុងលិខិតគឺយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតលេខ ០២៧/២៥ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋ ខេត្តកំពង់ចាម ស្តីពីករណីយកប្រាក់ចំនួន៣៦០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែ តម្រូវសំបុត្រកំណើតប្រជាពលរដ្ឋឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុក កងមាស ខេត្តកំពង់ចាម ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន ៣៦០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្តបាន ចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាព ច្រកចេញចូលតែមួយខេត្ត បានចុះសិក្សា ស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។ ដូចនេះដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុកកងមាសដូចខាងក្រោម៖
១-ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត។
២-រដ្ឋបាលស្រុកត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
៣-អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និង សេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។
៤-ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៥-ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។
៦-ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស អនុវត្តការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕