«បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងមានចរិតល្អប្រសើរនោះទេ មហិច្ឆតាបានត្រឹមតែជាក្តីស្រមៃ ហើយមិនអាចក្លាយទៅជាការពិតនោះឡើយ»
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មហិច្ឆតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិនបើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងចរិតល្អប្រសើរទេនោះ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរដ៏វែងឆ្ងាយលើការប្រែក្លាយកម្ពុជាពីប្រទេសវិនាសហិនហោចដោយសារសង្គ្រាម ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មនុស្ស គឺជាសមាសធាតុសង្គម និងសេដ្ឋកិច្ចដ៏សំខាន់បំផុតដែលមិនអាចខ្វះបាន។ ក្នុងនោះ មូលធនមនុស្សដែលមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មរបស់ជាតិ និងរឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងមានចរិតល្អប្រសើរនោះទេ មហិច្ឆតាបានត្រឹមតែជាក្តីស្រមៃ ហើយមិនអាចក្លាយទៅជាការពិតនោះឡើយ»។
នៅក្នុងនីតិកាលចាស់ និងនីតិកាលថ្មី រាជរដ្ឋាភិបាលកម្ពុជា បានគំណត់គោលដៅប្រែក្លាយសេដ្ឋកិច្ច ទៅជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ (ប្រជាពលរដ្ឋមានចំណូលមធ្យមប្រចាំឆ្នាំចន្លោះ ៤,០៣៦ដុល្លារ ដល់ ១២,៤៧៥ដុល្លារ) និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ (ប្រជាពលរដ្ឋមានចំណូលមធ្យមប្រចាំឆ្នាំចាប់ពី ១២,៤៧៦ដុល្លារឡើងទៅ)។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកឆ្នាំ២០២៣នេះ ជាមូលដ្ឋាននៃដំណើររបស់ខ្លួនក្នុងការឈានឆ្ពោះទៅកាន់គោលដៅទាំងនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាវិធានការមុតស្រួច ជាក់លាក់ និងប្រាកដនិយម ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែលរាំងស្ទះកន្លងមក សម្តៅកសាងមូលធនមនុស្ស កម្ពុជាមួយដែលមានសុខភាពល្អ បរិបូរណ៍ មានចំណេះដឹង ជំនាញល្អប្រសើរ ហើយថែមទាំងមានភាពជាពលរដ្ឋប្រកបដោយសីលធម៌ សុជីវធម៌ គុណធម៌ ដែលអាចជំរុញសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ បានដោយជោគជ័យ។
វិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសុខាភិបាល កំពុងត្រូវបានអនុវត្តន៍ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតដោយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាល។ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តន៍វិធានការគន្លឹះលើវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះទាំងពីរនេះ ដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាប្រធានផ្ទាល់តែម្តង។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ វឌ្ឍនភាពជាច្រើនលើការអនុវត្តន៍វិធានការគន្លឹះទាំងពីរនេះ ត្រូវបានលើកបង្ហាញដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕