ព្រះមហាក្សត្រអំពាវនាវជនមានពិការភាពកម្ពុជាបន្តខិតខំអភិវឌ្ឍចំណេះជំនាញឱ្យទាន់យុគសម័យ ជឿនលឿន
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវឱ្យជនមានពិការភាពកម្ពុជាបន្តកិច្ចខិតខំ ស្វាធ្យាយ អភិវឌ្ឍចំណេះ និងជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យបច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅសម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។
ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលដោយអំពាវនាវបែបនេះនៅក្នុងឱកាស «ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣» ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា តាមរយៈប្រធានបទក្នុងទិវាជនមានពិការភាពកម្ពុជាឆ្នាំនេះ គឺបានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការសម្របសម្រួលផាសុកវត្ថុនៅទីកន្លែងសាធារណៈ និងឯកជនលើកកម្ពស់អភិបាលកិច្ចល្អជូនជនមានពិការភាពនិងជំរុញការចូលរួមដ៏ថ្លៃថ្លាមិនអាចខ្វះបានរបស់ជនមានពិការភាព និងក្រុមគ្រួសារក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ជាពិសេសតាមបែបបច្ចេកវិទ្យាឌីជីថល។
ព្រះមហាក្សត្រទ្រង់ចូលរួមអបអរសារទរសមិទ្ធផល ២៥ឆ្នាំកន្លងមក របស់រាជរដ្ឋាភិបាលតាមរយៈការ អនុវត្តនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យប្រជាជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតេយ្យភាព បូរណភាពទឹកដីទាំងស្រុង។
ជាមួយគ្នានេះព្រះមហាក្សត្រ ទ្រង់បានកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្តនិងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុងគោលដៅជំរុញកំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនៈវិស័យរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ព្រះមហាក្សត្រ ទ្រង់សព្វប្រទ័យចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមអភិក្រម «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។
ព្រះមហាក្សត្រ អំពាវនាវដល់ពលរដ្ឋទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។
ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលដូច្នេះថា៖ «ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្តៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការ រើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិ ពេញលេញ»៕