លោកស្នងការ សិទ្ធិ ​ឡោះ បញ្ជាឲ្យគ្រប់​គ្រង​​​​បញ្ជី​វត្តមានប្រចាំថ្ងៃ​​ចាប់​ពី​ស្នងការរងដល់មន្ត្រីឲ្យបានល្អ ខណៈការិយាល័យ​បុគ្គលិក​ត្រូវ​ធ្វើជាគំរូគេ

ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ ​ឡោះ នៅថ្ងៃ​ទី​០១ ខែ​ធ្នូ​ ឆ្នាំ​២០២៣ បាន​ដឹក​នាំកម្លាំង​ផែន​ការ​ងារ​ធនធាន​មនុស្ស ​ប្រជុំ​ពង្រឹង​អនុវត្ត​ការ​ងារ​ប្រចាំ​ថ្ងៃ​ នៅ​សាល​ប្រជុំ​ (ខ) ស្នងការដ្ឋាន​នគរបាល​ខេត្ត​​​។

ក្នុង​កិច្ច​​ប្រជុំ​នេះ ​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​បាន​ផ្តល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សមានសិទ្ធិសម្រេចលើការអនុញាតិច្បាប់មានរយៈពេលក្រោម៣ថ្ងៃជូនដល់មន្ត្រីដែលស្នើសុំមាន ឋានន្តរស័ក្តិចាប់ពីវរសេនីយ៍ចុះ ដោយមិនបាច់ឆ្លងកាត់លោកឡើយ ដោយឡែកចាប់នាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការ លោកមេបញ្ជាការរង និងលោក លោកស្រី ស្នងការរង ឲ្យមានជាលាយលាក់អក្សរគឺលោកជាអ្នកសម្រេច​។

លោកស្នងការបានបញ្ជាឲ្យគ្រប់​គ្រង​​​​បញ្ជី​វត្តមានប្រចាំថ្ងៃ​​ចាប់​ពី​ស្នងការរងដល់មន្ត្រីឲ្យបានល្អនិងការិយាល័យ​បុគ្គលិក​ត្រូវ​ធ្វើជាគំរូគេជាមុនសិនក្នុងការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ក្នុងពេលម៉ោងធ្វើការងារនិងការ​គោរព​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ​លេខ​០០៦ ​មុនឈានដល់ការណែនាំដល់មន្ត្រីឯទៀតឲ្យគេអនុវត្ត និង​បង្កើត​ក្រុម​ការងារ​គ្រប់​គ្រង​រាល់​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ​និង​អគ្គស្នង​ការ​នគរ​បាល​ជាតិ​បញ្ជូន​មកដោយយកចិត្តទុកនិងរកមន្ត្រីនគរបាលដែលមានជំនាញច្បាស់លាស់ផ្នែកបច្ចេកវិទ្យា (អាយធី) ដើម្បីបង្កើតក្រុមការងារតាមដានរាល់បណ្តាញព័ត៌មានសង្គម (ហ្វេសប៊ុក)។

លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ ​ឡោះ បានបន្ថែមថា ចំពោះការិយាល័យ​បណ្តុះ បណ្តាល​ត្រូវ​រៀប​ចំ​ផែន​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​រៀន​សូត្រ​នៅ​នឹង​កន្លែងនិង​ត្រៀម​បន្តបើកវគ្គ​បន្ថែម​ទៀតនិង​គ្រប់​គ្រង​បញ្ជី​ឈ្មោះ​មន្ត្រី​នគរបាល​ដែល​បាន​ឆ្លង​វគ្គ​សិក្សា​ក្នុង​និង​ក្រៅ​ប្រទេសឲ្យបានច្បាស់លាស់ ។ ​

លោក​ឧត្ដមសេនីយ៍​ទោស្នងការបានគូសបញ្ជាក់ថា ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពីស្នាដៃដែលនគរបាលសម្រេចបានតាមកាសែត ទូរទស្សន៍ រដ្ឋនិងឯកជន។ លោកស្នងការបានបញ្ជាឲ្យតាមដានបណ្តាញព័ត៌មានសង្គមដែលផ្សាយគ្មានការពិតមកលើកងកម្លាំងនគរបាលយើង​និងវាយបកឲ្យបានទាន់ពេលវេលា។ ​

លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ ​ឡោះ បានគូសបញ្ជាក់ទៀតថា ចំពោះការងារកំណែទម្រង់រដ្ឋបាលរាល់ឯកសារឬលិខិតបទដ្ឋាននានាគឺយើងត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ។ ពិសេសអនុវត្តតាមសេចក្តីណែនាំលេខ០៩ របស់អគ្គស្នងការនគរបាលជាតិ។

ទន្ទឹមនោះ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​ បានណែនាំ​ដល់​​កង​កម្លាំង​នគរបាល​ក្នុង​ផែន​ធនធាន​មនុស្ស​ត្រូវ​សាមគ្គី​ភាព​ផ្ទៃ​ក្នុងឲ្យបានល្អ​ និង​សហការ​ជាមួយ​បណ្ដា​អង្គភាព​ផ្សេងៗ​ចំណុះស្នងការ​ដ្ឋាន​នគរបាល​ខេខេត្តឲ្យ​បាន​ស្អិត​ល្មួត​៕

អត្ថបទដែលជាប់ទាក់ទង