រដ្ឋមន្ត្រី ស​ សុខា​ អញ្ជេីញចូលរួមបើកជាផ្លូវការ ពិធីបុណ្យសមុទ្រ លើកទី១០

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ និងលោកជំទាវ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមពិធីបើកជាផ្លូវការ ពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា​ ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើង៩លើករួចមកហើយ នៅតាមខេត្តទាំង៤ ដែលជាប់សមុទ្រកម្ពុជា ហើយលើកទី១០ នៅខេត្តកែបនេះ ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍»។​ ចំពោះការរៀបចំពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដែលបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ​ និងទាក់ទាញទេសចរជាតិអន្តរជាតិមកទស្សនាកាន់តែច្រើន។​ ពិធីបុណ្យសមុទ្រនេះដែរ​ ក៏មានរៀបចំកម្មវិធីសម្រាប់ការទស្សនាកម្សាន្តសំខាន់ៗ មានការសម្តែងសិល្បៈ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ការបង្ហាញសមិទ្ធផល​ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក​ និងអន្តរជាតិ សកម្មភាពកីឡាលើទឹក លើឆ្នេរ រត់ប្រណាំង និងជិះកង់ រួមជាមួយការរៀបចំឱ្យមានសួនខ្លែងជ្រោយសមុទ្រ ទីឋានមនោរម្យ (បញ្ចាំងភាពយន្ត) ក្រុងកែបសិប្បនិមិ្មត(បង្ហោះគោម) ទស្សនីយភាពសិល្បៈ (ក្រុមសិល្បករ សិល្បការិនីជាតិនិងអន្តរជាតិ ចិន ឥណ្ឌា និងវៀតណាមសរុប៣៣០នាក់)៕

អត្ថបទដែលជាប់ទាក់ទង