ក្រសួងសាធារណការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋលេខាធិការ ពៅ ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងបានបន្ថែមថាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនីមានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ បានខិតខំជំរុញក្នុងការបង្កើនហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាការបង្កើតស្ថានីយសាកយានយន្តឱ្យបានច្រើនបន្ថែមទៀតនៅតាមរាជធានី ខេត្ត ដោយសព្វថ្ងៃនេះមានចំនួន១៨ទីតាំង និង២៣ស្ថានីយសាក(ទូសាក) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ដែលយើងខិតខំពង្រីកបន្ថែមទៀតឱ្យបានច្រើននៅតាមខេត្ត តំបន់ឆ្ងាយៗ ក៏ដូចជានៅតាមផ្លូវជាតិសំខាន់ៗ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ ឱ្យដឹកនាំគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តនានាក្នុងការគាំទ្រលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី ក្នុងតម្លៃសមរម្យអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង