សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យផ្តល់បណ្ណបើកបរដល់ជនមានពិការភាព
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលរួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធី «អបអរសាទរទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។
ចំពោះអន្តរក្រសួងរួមមានក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ធ្លាប់បានចេញប្រកាសរួមស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព បានកំណត់ប្រភេទជនមានពិការភាពជា ៣កម្រិត ដូចជា៖ ១- ជនមានពិការភាពកម្រិតធ្ងន់ធ្ងរ ជាទូទៅគ្មានសមត្ថភាពប្រឡងយកបណ្ណបើកបរយានយន្តឡើយ ប៉ុន្តែលើកលែងករណីមួយប៉ុណ្ណោះ ដែលត្រូវការការបណ្តុះបណ្តាល ហ្វឹកហ្វឺន ថែទាំ ចិត្តសង្គម និងស្តារកាយសម្បទាជាមុន ទើបអាចមានសមត្ថភាពប្រឡងយកបណ្ណបើកយានយន្តកែច្នៃបាន។ ២-ជនមានពិការភាពកម្រិតមធ្យម ដែលមានសមត្ថភាពប្រឡងយកបណ្ណបើកបរ និងអនុញ្ញាតឲ្យបើកបរដោយតម្រូវឲ្យកែច្នៃផ្នែកនៃយានយន្ត និង ៣-ជនមានពិការភាពកម្រិតស្រាល ដែលមានសមត្ថភាពប្រឡងយកបណ្ណបើកបរ និងអនុញ្ញាតឲ្យបើកបរដោយមិនចាំបាច់កែច្នៃយានយន្ត។
ដោយឡែក ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើសពី ៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។
ក្នុងប្រកាសបានបញ្ជាក់ដែរថា ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្វ្រាំង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្រប បង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។ ចំពោះសុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំ ដូចប្រជាពលរដ្ឋទូទៅដែរ។ ប៉ុន្តែសុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ដែលត្រូវប្ដូរមកបណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង៕