សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម  ព្រមទាំងនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ក្នុងមនោសញ្ចេតនាជិតស្និទ្ធបំផុត។ ឯកឧត្តមនាយឧត្តមសេនីយ៍  បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនោះឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ជាពិសេស លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ឯកឧត្តម ក៏បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហឺ វ័យទុង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន  ម៉ាណែត ក៏បានធ្វើការផ្តាំផ្ញើរសាកសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ៦៥ ឆ្នាំ ហើយទំនាក់ទំនងដ៏ប្រពៃនេះត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ដោយរាប់ចាប់តាំងពីជំនាន់ព្រះបរមរតនកោដ្ឋ, សម្តេចតេជោ និងបន្តរហូតបច្ចុប្បន្ននេះ។

ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំឭកផងដែរថា កាលនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតី បានផ្តួចផ្តើមគំនិត និងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ដែលបានបើកច្រកដល់ទំនាក់ទំនងរវាងអង្គភាព និង អង្គភាព ក៏ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

ជារួមសម្តេចធិបតី និងឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានធ្វើការគាំទ្រដល់សកម្មភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា ដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពគ្នា រួមមានជាអាទិ៍ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង