អនុប្រធានទី២ គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្សចិន បានអះអាងថា «សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដ៏ល្អឯករបស់កម្ពុជា»

អនុប្រធានទី២ គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្សចិន ឯកឧត្តមនាយឧត្ដមសេនីយ៍ ហឺ វ័យទុង (He Weidong) «បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរយ៉ាងខ្លាំងក្លាចំពោះការដឹកនាំរបស់​សម្តេច​តេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។សម្តេចតេជោ ជាថ្នាក់ដឹកនាំដ៏ល្អឯករបស់កម្ពុជា»។

ឯកឧត្តមនាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា នៅព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ ឯកឧត្តមនាយឧត្ដមសេនីយ៍ ហឺ វ័យទុង បានថ្លែងកោតសរសើរសម្ដេចតេជោថា ជាថ្នាក់មេដឹកនាំ​ដែល​បាន​ដឹក​​នាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់​ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម បក្សកុម្មុយនិស្តចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីក ទំនាក់​ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបង្ហាញអំពីភាពជិតស្និទ្ធដែលរដ្ឋាភិបាល និងប្រជាជន​ប្រទេស​ទាំងពីរ មានការរីកចម្រើនជាលំដាប់។

សម្ដេចតេជោបានអរគុណចំពោះភាគីមិត្តចិន ដែលបាននាំនូវការសាកសួរសុខទុក្ខ​របស់​លោកអគ្គលេខាធិការ ស៊ី ជិនពីង ជូនចំពោះសម្ដេច។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយ​ចិន​តែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោក​ទាំងមូល។

សម្ដេចតេជោប្រធានបានបន្តថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឱ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។

សម្ដេចតេជោបានបញ្ជាក់ដែរថា កម្ពុជា និងចិន ត្រូវតែបន្តពង្រឹង និងពង្រីកនូវភាពជាដៃ​គូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេក​វិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។

តាមរយៈនាយឧត្ដមសេនីយ៍ ហឺ វ័យទុង, សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខលោក ស៊ីជិនពីង ហើយសង្ឃឹមថា សម្ដេចនឹងមានពេលទៅទស្សនកិច្ច ហើយជួបជាមួយលោក ស៊ី ជិនពីង នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង